(ប៉ារីស)៖ ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe បានចូលទីលានហ្វឹកហាត់វិញនាថ្ងៃអាទិត្យ ទី១៣ ខែសីហា ដែលអាចនិយាយបានថា ទំនងជាត្រូវរ៉ូវគ្នារឿងបន្តកិច្ចសន្យាថ្មីជាមួយក្លិប Paris Saint-Germain។
តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ នេះថា តារាជើងស៊ុត វ័យ ២៤ឆ្នាំខាងលើនេះ បានវិលទៅកាន់ទីលានហ្វឹកហាត់ជាលើកដំបូងឡើងវិញ ដែលទំនងជាបន្តលេងឲ្យក្រុមជើងឯកបារាំងនេះដដែល សម្រាប់រដូវកាលថ្មីឆ្នាំ២០២៣-២០២៤។
បន្ថែមលើនេះ Mbappe ក៏បានចូលរួមទស្សនាក្រុមរបស់ខ្លួន ប្រកួតទល់នឹងភ្ញៀវ Lorient នៅថ្ងៃបើកឆាក Ligue 1 របស់បារាំងនាចុងសប្តាហ៍នេះផងដែរ ជាមួយសមាជិកថ្មី Ousmane Dembele ដែលទើបយកបានពីក្លិបអេស្ប៉ាញ FC Barcelona ក្នុងតម្លៃ ៤៣.៥លានផោនទៀតផង។
ប្រធានក្រុមជម្រើសជាតិមាន់គកបារាំងខាងលើនេះ នៅសល់កិច្ចសន្យា ១ឆ្នាំទៀតជាមួយ PSG និងបានបដិសេធរឿងបន្តកិច្ចសន្យាថ្មីនៅកីឡដ្ឋាន Parc des Princes នាពេលថ្មីៗនេះដែរ ត្បិតត្រូវបាន Real Madrid តាមចែចូវជាយូរមកហើយ។ Mbappe ពុំបានរួមដំណើរជាមួយក្លិបក្នុងប្រកួតលក្ខណៈបែបទេសចរណ៍ ដើម្បីពង្រឹងដៃគូពាណិជ្ជកម្មនៅអាស៊ី មុនបើករដូវកាលនេះទេ៕
ប្រភពBBC ប្រែសម្រួលដោយគិរីដងរែក