(មេនឆេស្ទឺ)៖ កីឡាការិនីអន្តរជាតិជប៉ុន Yui Hasegawa បានចូលរួមជាមួយក្លិប Manchester City ផ្លាស់មកពីក្លិប West Ham United លើកិច្ចសន្យារយៈពេល៣ឆ្នាំ, នេះបើតាមការអះអាងពីក្លិប នាថ្ងៃព្រហស្បតិ៍, មុនការចាប់ផ្តើមរដូវកាលថ្មីលីគ Women’s Super League នៅអង់គ្លេស, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
Hasegawa បានចូលរួមជាមួយ City បន្ទាប់ពីចំណាយពេល១ឆ្នាំ លេងនៅឯ West Ham។ នាងបានលេង៥៨ប្រកួត សម្រាប់ក្រុមជម្រើសជាតិជប៉ុន ចាប់តាំងពីបានបង្ហាញខ្លួនលើកដំបូង ក្នុងឆ្នាំ២០១៧ ដោយបានប្រកួតតំណាងឲ្យប្រទេសរបស់នាង នៅឯព្រឹត្តិការណ៍ World Cup, Asian Cup និងព្រឹត្តិការណ៍ Olympic Games។
កីឡាការិនីវ័យ២៥ឆ្នាំរូបនេះ គឺជាកីឡាការិនីដំបូង ដែលទៅពីប្រទេសជប៉ុន ដើម្បីលេងឲ្យក្លិបដែលដឹកនាំដោយលោក Gareth Taylor។
កីឡាការិនី Mana Iwabuchi របស់ក្លិប Arsenal គឺជាកីឡាការិនីជប៉ុនម្នាក់ទៀតប៉ុណ្ណោះ ដែលលេងនៅលីគ Women’s Super League។
City មានភាពចលាចលយ៉ាងខ្លាំង នៅពេលបិទរដូវកាល ដោយបានបាត់បង់កីឡាការិនីល្អៗជាច្រើនរូប ក្នុងនោះរួមទាំងកីឡាការិនី Ellen White ដែលត្រូវចូលនិវត្តន៍, ស្របពេលដែលកីឡាការិនី Lucy Bronze, Georgia Stanway, Caroline Weir និងកីឡាការិនី Keira Walsh បានចាកចេញ។
ក្រុមដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ កាលពីរដូវកាលមុននោះ នឹងចាប់ផ្តើមយុទ្ធនាការថ្មីរបស់ពួកគេ ជាមួយការធ្វើជាម្ចាស់ផ្ទះ ទទួលក្រុម Arsenal នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕



ប្រភព CNA ប្រែសម្រយលដោយគីរីដងរែក




