(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានក្លាយជាជើងឯកពានបើករដូវកាលអង់គ្លេស FA Community Shield 2022 ក្រោយពេលយកឈ្នះគូប្រជែង Manchester City ក្នុងលទ្ធផល ៣ទល់នឹង១ នៅនារាត្រីថ្ងៃសៅរ៍ ឆ្លងចូលថ្ងៃអាទិត្យ ៣១ ខែកក្កដា (ម៉ោងនៅកម្ពុជា)។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅទឹកដីកណ្តាលនៃកីឡដ្ឋាន King Power របស់ Leicester City នោះ ខ្សែបម្រើការពារ Trent-Alexander Arnold ជាអ្នករកបានគ្រាប់បើកឆាកនៅនាទី២១ ដែលស៊ុតក្រៅប្រអប់គ្រោះថ្នាក់ផ្លាតត្រូវក្បាល Nathan Ake ចូលទីយ៉ាងស្អាតនៅពីមុខអ្នកទស្សនាផ្ទាល់ក្នុងកីឡដ្ឋានប្រមាណ ៨៤៨៩៧នាក់។
តែយ៉ាងណា កីឡាករចំណូលថ្មី Alvarez ដែលត្រូវបានប្តូរចូលវគ្គទី២ ក៏បានរកគ្រាប់តាមស្មើ ១-១ ឲ្យក្រុមជើងឯកអង់គ្លេសវិញនៅនាទី៧០ នៅមុនពេល Ruben Dias យកដៃប៉ះបាល់ក្នុងប្រអប់គ្រោះថ្នាក់ ដែលធ្វើខ្សែប្រយុទ្ធ Mohamed Salah មានឱកាសស៊ុតគ្រាប់ ១១ម៉ែត្របានសម្រេច និងបន្ថែមគ្រាប់ទី៣ ដោយ Darwin Nunez នៅនាទី៩០+៧ ពីការបញ្ជូនរបស់ Andrew Robertson។
នេះជាលើកទី១៦ ដែល Liverpool ឈ្នះពាន Community Shield នេះ ក្រោយខកខានតាំងពីឆ្នាំ២០០៦ នៅពេល Manchester United ធ្លាប់ឈ្នះបាន ២១លើកច្រើនជាងគេ និងឈ្នះចុងក្រោយក្នុងឆ្នាំ២០១៦ គ្រាដែល Manchester City ទើបលើកបាន ៦លើកប៉ុណ្ណោះ៕

ដោយគីរីដងរែក




