ការិយាល័យរដ្ឋអាជ្ញាសហភាពអឺរ៉ុប បានបើកការស៊ើបអង្កេតមួយ ចូលទៅក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ តម្លៃរាប់ពាន់លានដុល្លាររបស់ប្លុកនេះ ចំពេលមានការចោទប្រកាន់អំពីអំពើពុករលួយ និងកិច្ចព្រមព្រៀងសម្ងាត់ ពីសមាជិកមួយចំនួនរបស់សភាសហភាពអឺរ៉ុប។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen មន្ត្រី EU បានប្រកាសពីការស៊ើបអង្កេតនេះ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីថ្ងៃសុក្រទី១៤ខែតុលា។ ពួកគេបន្ថែមថាករណីនេះ ធ្វើឡើងបន្ទាប់ពីមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាសាធារណៈ ជុំវិញ បញ្ហានេះ។
សេចក្តីប្រកាសនេះក៏បានធ្វើឡើងផងដែរ បន្ទាប់ពីការចោទប្រកាន់របស់សមាជិកសភាអឺរ៉ុប ដែលថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានរៀបចំកិច្ចចរចាវ៉ាក់សាំងដោយសម្ងាត់ ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Pfizer លោក Albert Bourla។
បើទោះបីជាមានការស្នើសុំពីសំណាក់អ្នកសារព័ត៌មាន សមាជិកសភា និងក្រុមអ្នកឃ្លាំមើល EU ក៏ដោយ ក៏ការិយាល័យរបស់លោកស្រី von der Leyen មិនបានបង្ហាញសារផ្ទាល់ខ្លួនដែលផ្ញើទៅលោក Bourla ក្នុងអំឡុងពេលកិច្ចពិភាក្សាអំពីវ៉ាក់សាំងជិត ២ពាន់លានដូសដែរ, ជាហេតុជំរុញឲ្យមានការចោទប្រកាន់ពីបទអំពើពុករលួយ។
កាលពីខែមុន តុលាការសវនករអឺរ៉ុប បាននិយាយថា ខ្លួនបានស្នើឲ្យគណៈកម្មការផ្តល់ព័ត៌មានស្តីពី “កិច្ចចរចាបឋម” សម្រាប់ការទិញវ៉ាក់សាំង Pfizer ធំបំផុតរបស់ EU ដោយក្នុងនោះរាប់បញ្ចូលទាំងព័ត៌មានអំពី អ្នកជំនាញវិទ្យាសាស្ត្រដែលបានពិគ្រោះនិងផ្តល់ដំបូន្មាន, ពេលវេលានៃកិច្ចពិភាក្សា, កំណត់ត្រានៃកិច្ចពិភាក្សា និងព័ត៌មានលម្អិតនៃលក្ខខណ្ឌដែលបានព្រមព្រៀងគ្នាផងដែរ។ គណៈកម្មការអឺរ៉ុប នៅតែមិនទាន់បង្ហាញព័ត៌មានជាសាធារណៈ ដោយជំរុញឲ្យមានការចោទប្រកាន់ពីអំពើពុករលួយរបស់សមាជិកសភាអឺរ៉ុប៕



ប្រភព POLITICO ប្រែសម្រួលដោយគីរីដងរែក




