(កៀវ)៖ សហភាពអឺរ៉ុបនឹងពិភាក្សាអំពីការរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃចន្ទនេះ ខណៈដែលទីក្រុងម៉ូស្គូត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ទ្វីបនេះ ដើម្បីរក្សាទុកអាវុធ និងបាញ់មីស៊ីលទៅលើតំបន់ជុំវិញនៃភាគខាងត្បូងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២។
ប្រធានទីភ្នាក់ងារថាមពលអាតូមិករបស់អ៊ុយក្រែន លោក Petro Kotin បាននិយាយថា ស្ថានភាពនៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhya ដែលត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៉ី គឺមានភាពតានតឹងខ្លាំង ដោយបន្ថែមថា រុស្ស៊ីបានដំឡើងកាំជ្រួចមីស៊ីល និងបានប្រើប្រាស់កន្លែងនោះ ដើម្បីបាញ់មីសីលនៅតំបន់ Dnipro។
ជាមួយនឹងជម្លោះដែលកំពុងកើតមាន និងកាន់តែខ្លាំងឡើងចូលទៅក្នុងវិបត្តិថាមពល និងអាហារពិភពលោក រដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុបកំពុងពិចារណាលើការហាមឃាត់ការទិញមាសពីប្រទេសរុស្ស៊ី ដែលនឹងស្របតាមទណ្ឌកម្មដែលបានដាក់រួចហើយដោយប្រទេស G7 ។
ឥស្សរៈជនរុស្ស៊ីជាច្រើនទៀតក៏អាចត្រូវបានដាក់ក្នុងបញ្ជីខ្មៅរបស់ EU ផងដែរ៕
ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក