(អាមេរិក)៖ ក្រុមហ៊ុន Walt Disney នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានប្រកាសថាខ្លួននឹងពន្យារពេលចាក់បញ្ចាំងភាពយន្តមួយចំនួនរបស់ផលិតកម្ម Marvel ដែលជាបុត្រសម្ព័ន្ធរបស់ខ្លួន រួមមានរឿង «Blade», រឿង «Fantastic Four» និងរឿង «Avengers: Secret Wars»។ ខណៈការពន្យារពេលនេះ គឺរងការប៉ះពាល់ ដោយសារតែការដើរចេញរបស់អ្នកដឹកនាំរឿង «Blade»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
បន្ទាប់ពីការចាកចេញរបស់អ្នកដឹកនាំរឿង «Blade» លោក Bassam Tariq ពីគម្រោងក្នុងខែកញ្ញា ដោយសារតែជម្លោះកាលវិភាគ បានធ្វើឲ្យផលិតកម្ម Marvel បានសម្រេចចិត្តបិទផលិតកម្មភាពយន្តជាបណ្តោះអាសន្ន ដើម្បីស្វែងរកអ្នកដឹកនាំថ្មី។ ភាពយន្ត «Blade» (ប្លែដ) ពេលនេះ បានកំណត់ថានឹងចាក់ផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ជំនួសឲ្យកាលវិភាគចាស់ដែលកំណត់យកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដោយសារតែការផ្លាស់ប្ដូរកាលវិភាគរបស់ភាពយន្ត «Blade» នៅពេលនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់ការចេញផ្សាយរឿងផ្សេងទៀតផងដែរ ក្នុងនោះរួមាន ភាពយន្ត «Deadpool 3» ត្រូវបានលើកពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ទៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វិញ , «Fantastic Four» ត្រូវលើកពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈដែលភាពយន្ត «Avengers: Secret Wars» ត្រូវលើកពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ទៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
គេនៅចាំបានថា កន្លងមកមានភាពយន្តជាច្រើនបានផ្លាស់ប្តូរកាលវិភាគចាក់បញ្ចាំង ដែលបានធ្វើឲ្យប៉ះពាល់ដល់រឿងដទៃទៀត ក្នុងនោះរួមមាន ភាពយន្ត «Doctor Strange» (ដុកទ័រ វគ្គថ្មី ត្រូវបានពន្យារពេលដោយសារជំងឺឆ្លងកូវីដ១៩ ដែលនាំឲ្យពន្យារពេលការចាក់បញ្ចាំងភាពយន្ត «Thor» និង «Black Panther» វគ្គថ្មីដូចគ្នា៕
ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក