(មេនឆេស្ទើ)៖ ខ្សែបម្រើប្រយុទ្ធ Kevin de Bruyne អាចនឹងត្រូវបាត់មុខពីទីលានប្រហែល ៤ខែឡើងទៅពីក្លិបមេឃខៀវ Manchester City ដើម្បីសម្រាកព្យាបាលរបួសសរសៃពួរជើង ដែលបានរងនាពេលថ្មីៗនេះ។
លោក Pep Guardiola អ្នកចាត់ការទូទៅ Man City បានថ្លែងប្រាប់គេហទំព័រកីឡា BBC ថា De Bruyne នឹងត្រូវអវត្តមានចាប់ពី ៤ខែឡើងទៅសម្រាប់រដូវកាលនេះ ដ្បិតកំពុងពិចារណារឿងវះកាត់សរសៃពួរផងដែរ។
លោកថា «នេះជាបញ្ហារបួសដ៏ធ្ងន់ធ្ងរមួយ និងបង្កក្តីបារម្ភដល់ក្លិបទាំងមូលទៀតផង»។
គួររំលឹកផងថា កីឡាករអន្តរជាតិប៊ែលហ្សិក វ័យ ៣២ឆ្នាំខាងលើនេះ ត្រូវបានប្តូរចេញពីទីលាន ក្រោយលេងបាន ២៣នាទីនាជំនួបបើកឆាក Premier League នៅរាត្រីថ្ងៃសុក្រសប្តាហ៍មុន នៅពេលក្រុមការពារតំណែងជើងឯក Man City បានយកឈ្នះ Burnley ៣ទល់នឹង០ នៅកីឡដ្ឋាន Turf Moor។
បន្ថែមលើនេះ De Bruyne ក៏ត្រូវបានប្តូរចេញកាលប្រកួតផ្តាច់ព្រ័ត្រ UEFA Champions League នាអំឡុងខែមិថុនា ឆ្នាំ២០២៣ ដែលបានយកឈ្នះ Inter Milan ដ្បិតរូបគេក៏បានអវត្តមានទាំងស្រុងជាមួយ Man City ក្នុងដំណើរប្រកួត Pre-season ផងដែរ។ De Bruyne ស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាន ៣១គ្រាប់នារដូវកាលមុន ដើម្បីជួយ Man City ឈ្នះពាន FA Cup, Premier League និង UEFA Champions League៕
ប្រភព Sky Sport ប្រែសម្រួលដោយគិរីដងរែក