(ឡុងដ៍)៖ ក្លិបបាលទាត់ Chelsea បានតែងតាំងលោក Graham Potter ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ លើកិច្ចសន្យា ៥ឆ្នាំ ជាមួយនឹងអតីតអ្នកចាត់ការក្លិប Brighton & Hove Albion រូបនេះ បានបន្តតំណែងពីលោក Thomas Tuchel ដែលត្រូវបានដកចេញពីតំណែង។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅលីគ Premier League ហើយត្រូវបានចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។
Chelsea បានបណ្តេញលោក Tuchel ចេញពីតំណែងកាលពីថ្ងៃពុធ ១ថ្ងៃបន្ទាប់ពីពួកគេបានចាញ់ ១-០ ក្រោមថ្វីជើងក្រុម Dinamo Zagreb ជាការប្រកួតក្រៅទឹកដីនៃការប្រកួតបើកឆាករបស់ពួកគេ ក្នុងវគ្គជម្រុះក្នុងពូលនៃ CUEFA Champions League។
ក្លិបដែលមានមូលដ្ឋាននៅទីក្រុង London មួយនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ នៃលីគ Premier League កាលពីរដូវកាលមុន ប៉ុន្តែកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៦ ដោយមាន ១០ពិន្ទុក្នុងរដូវកាលនេះ ក្រោយឆ្លងកាត់៦ប្រកួត ដោយបានចាញ់ក្រុម Leeds United និង Southampton។
លោក Potter ត្រូវបានតែងតាំងជាអ្នកចាត់ការក្លិប Brighton កាលពីខែឧសភា ឆ្នាំ២០១៩ ហើយបានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៥, ១៦ និងចំណាត់ថ្នាក់ទី៩ ក្នុងរយៈពេល ៣រដូវកាល ដែលលោកបានដឹកនាំ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




