(ឡុងដ៏)៖ ក្លិបលីគអង់គ្លេស Chelsea បានចំណាយទឹកប្រាក់ប្រមាណ ៨៩លានផោនក្នុងកិច្ចព្រមព្រៀងជាផ្លូវការនាំយកកីឡាករ Mykhailo Mydryk ពីក្លិប Shakhtar Donetsh មកពីលីគអ៊ុយក្រែន។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ស្ថិតក្នុងកិច្ចសន្យានាំយកកីឡាករ Mydryk ជុំវិញការចំណាយទឹកប្រាក់លើកិច្ចសន្យានេះ ក្នុងនោះក្លិប Chelsea តម្រូវបង់ជាប្រមាណ ៦២លានផោន ហើយត្រូវបន្ថែមប្រមាណ ២៧លានផោនទៀតសម្រាប់កិច្ចព្រមព្រៀងដែលរយៈពេល ៨ឆ្នាំកន្លះរបស់ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ។
Mydryk ក៏ជាផ្នែកមួយនៃការចាប់អារម្មណ៍ក្លិប Arsenal ផងដែរ ដោយរូបគេបានស៊ុតបញ្ចូលទី ៧គ្រាប់នៃការលេងបាន ១២ប្រកួតជាមួយក្លិប Shakhtar ក្នុងរដូវកាលនេះមុនសម្រេចផ្ទេរមក Chelsea ដែលស្ថិតក្នុងលីគអង់គ្លេស Premier League។
Mudryk បានក្លាយជាកីឡាករថ្មីទី ៥របស់ក្លិប Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ បន្ទាប់ពីការមកដល់របស់កីឡាករ Joao Felix ដែលលេងក្នុងកិច្ចសន្យាខ្ចីជើងពី Atletico Madrid និងរួមទាំងការនាំយកលើកិច្ចសន្យាជាអចិន្ត្រៃយ៍របស់កីឡាករ Benoit Badiashile, David Datro Fofana និង Andrey Santos៕



ប្រភព BBC News ប្រែសម្រួលដោយគីរីដងរែក




