(ឡុងដ៍)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានតែងតាំងលោក Laurence Stewart ដែលបម្រើការងារឲ្យក្លិប AS Monaco ជានាយកផ្នែកបច្ចេកទេសថ្មីរបស់ពួកគេ។ នេះបើតាមបានបញ្ជាក់ពីក្លិបលេងនៅលីគ Premier League នាថ្ងៃពុធ។ ក្លិបបានបន្ថែមថា លោកនឹង «ផ្តោតលើបាល់ទាត់ជាសកល»។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា លោក Stewart ដែលបច្ចុប្បន្នកំពុងបម្រើការងារជានាយកបច្ចេកទេស ឲ្យក្លិប AS Monaco នោះ នឹងចូលកាន់តួនាទី បន្ទាប់ពីបញ្ចប់កិច្ចសន្យារបស់លោកជាមួយនឹង Monaco ដែលលេងនៅលីគកំពូលបារាំង Ligue 1។
កាលពីពេលកន្លងទៅ លោកធ្លាប់ធ្វើការងារជាមួយក្លិប RB Leipzig, Manchester City និងក្រុមជម្រើសជាតិអង់គ្លេសផងដែរ។
«ខ្ញុំរីករាយដែលបានចូលរួមជាមួយ Chelsea ដើម្បីជួយពួកគេកសាងនូវស្ថាប័នកីឡាលំដាប់សាកលលោកមួយ ក្នុងការដណ្តើមយកជ័យជម្នះលើទីលានប្រកួត ក្នុងកម្រិតលេងខ្ពស់បំផុត និងផ្តល់ឲ្យកីឡាករនូវផ្លូវសម្រាប់ជួយអភិវឌ្ឍន៍ភាពប៉ិនប្រសប់របស់ពួកគេ» នេះបើតាមសម្តីលោក Stawart បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
ការតែងតាំងលោក Stewart នេះ គឺជាការវិវឌ្ឍថ្មីចុងក្រោយក្នុងការផ្លាស់ប្តូរដ៏សំខាន់ នៅក្លិបម្ចាស់កីឡដ្ឋាន Stamford Bridge នេះ បន្ទាប់ពីការទិញយកក្លិប Chelsea កាលពីខែឧសភា ដោយសម្ព័ន្ធក្រុមហ៊ុនមួយ ដែលដឹកនាំដោយលោក Todd Boehly និងក្រុមហ៊ុន Clearlake Capital។
សូមជម្រាបថា Chelsea ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៤ ក្នុងតារាង Premier League នោះ នឹងធ្វើដំណើរទៅជួបក្រុម Brighton & Hove Albion នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះក្នុងលីគ៕



ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក