ក្លិប Real Betis ដែលលេងនៅលីគកំពូលអេស្ប៉ាញ La Liga បានពង្រឹងក្រុមរបស់ខ្លួនសម្រាប់រដូវកាលខាងមុខ ជាមួយនឹងការចុះកិច្ចសន្យានាំយកខ្សែបម្រើកណ្តាល Marc Roca មកពីក្លិបអង់គ្លេស Leeds United។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
កីឡាករវ័យ ២៦ឆ្នាំ ដែលបានចាប់ផ្តើមអាជីពរបស់លោកជាមួយក្លិប Espanyol រូបនេះ បានចូលរួមជាមួយក្លិប Betis ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពី Leeds ត្រូវបានកាត់ចេញពី Premier League នៅពេលចប់រដូវកាលមុន។
Roca ត្រូវបានគេវាយតម្លៃខ្ពស់ ក្នុងនាមជាកីឡាករយុវជន ហើយបន្ទាប់ពីបានបង្ហាញខ្លួន ១២១លើក សម្រាប់ក្លិប Espanyol។ លោកបានចូលរួមជាមួយក្លិប Bayern Munich ជាទីកន្លែងដែលអាជីពរបស់លោកបានជាប់គាំង ហើយលោកបានបង្ហាញខ្លួន ត្រឹមតែ២៤ប្រកួតប៉ុណ្ណោះ នៅក្នុងការប្រកួតទាំងអស់ ក្នុងរយៈពេល ២ឆ្នាំរបស់លោក ជាមួយនឹងក្លិបយក្សរបស់អាល្លឺម៉ង់នេះ។
លោកបានផ្លាស់ទៅលេងឲ្យ Leeds កាលពីរដូវកាលមុន ហើយបើទោះបីជាលោក តែងតែបង្ហាញខ្លួន នៅក្នុងក្រុមជម្រើសដំបូងក្តី លោកនៅតែមិនអាចបញ្ឈប់ពួកគេ ពីការធ្លាក់ទៅលេងនៅលីគ Championship នោះទេ ហើយ Leeds បានអនុញ្ញាតឲ្យលោកផ្លាស់ចេញទៅលេងខ្ចីជើង ដើម្បីជួយកាត់បន្ថយលើការចំណាយរបស់ក្លិប។
Roca ទំនងជាត្រូវជំនួសខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ William Carvahlo ដែលអាចនឹងចាកចេញពី Betis ក្នុងរដូវក្តៅនេះ ស្របពេលក៏មានមន្ទិលសង្ស័យ អំពីអនាគតរបស់កីឡាករអន្តរជាតិអាហ្សង់ទីន Guido Rodriguez នៅឯក្លិបមួយនេះផងដែរ៕



ប្រភព BBC Sport ប្រែសម្រួលដោយគិរីដងរែក




