23.8 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ក្រុមហ៊ុន Minebea របស់ជប៉ុន គ្រោងបោះទុន ៤៥លានដុល្លារ បង្កើតស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អនុភាព៥០មេហ្គាវ៉ាត់

- Advertisement -spot_img

(ភ្នំពេញ)៖ ក្រុមហ៊ុន Minebea របស់ប្រទេសជប៉ុន គ្រោងបោះទុនវិនិយោគចំនួន៤៥លានដុល្លារអាមេរិក ក្នុងការបង្កើតថាមពលកកើតឡើងវិញ ក្នុងអនុភាព៥០មេហ្គាវ៉ាត់ ដោយប្រើពន្លឺព្រះអាទិត្យ សម្រាប់គាំទ្រដល់ការវិនិយោគ និងគម្រោងអភិវឌ្ឍន៍លើវិស័យផ្សេងៗរបស់ខ្លួននៅកម្ពុជា និងការផ្តល់ជូនទៅអគ្គិសនីកម្ពុជា សម្រាប់ធ្វើការចែកចាយ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី នាយកគ្រប់គ្រងក្រុមហ៊ុន Minebea (Cambodia) Co., LTD. បានលើកឡើងថា ក្រុមហ៊ុន Minebea ងាកទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយសារក្រុមហ៊ុនដែលជាដៃគូ ដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុនToyota ជាដើម គិតគូរដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោក យ៉ូស៊ីហ៊ីរ៉ូ សាកានុស៊ី បានបញ្ជាក់ថា ក្រុមហ៊ុនមានលទ្ធភាព ក្នុងការបង្កើតនូវថាមពលកកើតឡើងវិញ ដោយថាមពលពន្លឺព្រះអាទិត្យ ដែលតម្រូវឲ្យមានទីតាំងមួយសម្រាប់ការដាក់ Sola Panel នេះ និងការបង្កើត Sola Farm មួយ ក្នុងគម្រោងបង្កើតថាមពលកម្រិត៥០មេហ្កាវ៉ាត់ ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ ៤៥លានដុល្លារអាមេរិក។

ជាការឆ្លើយតបលោក ស៊ុយ សែម បានថ្លែងនូវការកោតសរសើរ និងការអភិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុន Minebea ដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បានចាត់ទុក ក្រុមហ៊ុន Minebea ជាកូនដែលសម្តេចតេជោ បានបង្កើតឡើង។ ទាក់ទងគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដោយប្រើពន្លឺព្រះអាទិត្យ លោកប្រកាសនូវការគាំទ្រជានិច្ច ឲ្យតែក្រុមហ៊ុន Minebea អនុវត្តតាមគោលការណ៍ច្បាប់បានត្រឹមត្រូវ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Kiridangrek នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ លោក ហេង គុណលាង អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល បានបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល គាំទ្រនិងសហការជាមួយក្រុមហ៊ុនវិនិយោគជប៉ុន លើគម្រោងថាមពលកកើតឡើងវិញ ព្រោះកម្ពុជានឹងបង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងប្រភពថាមពលផ្សេងទៀត ដែលមិនគ្រោះថ្នាក់ដល់បរិស្ថាន ឲ្យបានជាអតិបរមា។

លោកបន្ដទៀតថា ជាមួយនឹងការរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យថាមពលអគិ្គសនី និងធ្វើការអភិវឌ្ឍគម្រោង ស្តីពីប្រសិទ្ធភាពថាមពល ដែលបាននិងកំពុងសហការ និងរៀបចំជាមួយ ADB ដើម្បីចូលរួមកាត់បន្ថយ ការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ ទៅក្នុងបរិយាកាស ចូលរួមសកម្មភាពឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យថាមពល និងអភិវឌ្ឍន៍អន្តរកាលថាមពលស្អាត ឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន ប៉ុន្តែក្រុមហ៊ុនវិនិយោគត្រូវអនុវត្តច្បាប់ស្តីពីភាពជាដៃគូររដ្ឋ និងឯកជនជាមុនសិន (PPP) ពីព្រោះបច្ចុប្បន្ននេះ ការវិនិយោគរបស់ឯកជន ត្រូវឋិតនៅក្នុងក្របខណ្ឌនៃច្បាប់នេះ។

លោក ហេង គុណលាង បានឲ្យដឹងទៀតថា តាមច្បាប់ស្តីពីភាពជាដៃគូរដ្ឋនិងឯកជន (PPP) នឹងកំណត់បញ្ជីគម្រោងអទិភាពសម្រាប់ការវិនិយោគជាមុនសិន ដោយត្រូវធ្វើការសិក្សាដោយអ្នកជំនាញច្បាស់លាស់ បន្ទាប់មកធ្វើការពិភាក្សាជាមួយភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ថា គម្រោងនេះ គឺសម្រាប់គាំទ្រដល់ការវិនិយោគលើវិស័យផ្សេងៗ និងគាំទ្រទៅដល់ដៃគូរវិនិយោគ និងដើម្បីចូលរួមចំណែកនៃការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា ស្របតាមអនុវត្តអនុសញ្ញាក្របខណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ហើយក្នុងនោះ ចំពោះថាមពលដែលនៅសេសសល់ ក្រុមហ៊ុននឹងការផ្តល់ជូនទៅអគ្គិសនីកម្ពុជា សម្រាប់ការចែកចាយ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img