(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ត្រូវបានគេរាយការណ៏ថា កំពុងស៊ើបអង្កេតលើរូបលោក Omead Afshar ដែលជាអគ្គនាយកជាន់ខ្ពស់ និងជាអ្នកទទួលបន្ទុកត្រួតពិនិត្យការសាងសង់ និងការផលិតរបស់រោងចក្រ Giga Texas ដែលនេះជាការស៊ើបអង្កេតផ្ទៃក្នុងមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
ទាក់ទិននឹងការស៊ើបអង្កេតនេះ Afshar ត្រូវបានគេរកឃើញថា «គួរឱ្យសង្ស័យ» ក្នុងការបញ្ជាទិញកញ្ចក់ប្រភេទ «ពិសេស» មួយចំពេលដែលក្រុមហ៊ុនកំពុងតែមានឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលធ្វើឱ្យបុគ្គលិកមួយចំនួនមានចម្ងល់ក្នុងការបញ្ជាទិញនោះ។ ប៉ុន្តែលោកបានប្រាប់ទៅកាន់បុគ្គលិកថាវាគឺសម្រាប់គម្រោងសម្ងាត់ «Secret Project» របស់ក្រុមហ៊ុន។
បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា កញ្ចក់នោះមិនងាយស្រួលក្នុងការបញ្ជាទិញនោះឡើយ ដែលជាហេតុនាំឱ្យនាយកដ្ឋានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Tesla បានដាក់ការសង្ស័យលើការបញ្ជាទិញកាលពីដើមឆ្នាំនេះ ដែលវាបង្កឱ្យមានការស៊ើបអង្កេតផ្ទៃក្នុង ក្រោមការដឹកនាំរបស់លោក David Searle ជាប្រធានស្តីទីផ្នែកច្បាប់របស់ក្រុមហ៊ុន Tesla។
របាយការណ៍ដដែលក៏បានបញ្ជាក់ឱ្យដឹងដែរថា ការស៊ើបអង្កេតនេះនៅមិនទាន់ច្បាស់ទេថាតើកញ្ចក់នោះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនរបស់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk ឬមួយយ៉ាងណាទេ។ ខណៈដែល Bloomberg បានកត់សម្គាល់ថាបុគ្កលិកមួយចំនួនដែលពាក់ព័ន្ធនឹងហេតុនេះត្រូវបានបណ្តេញចេញរួចហើយ។ យ៉ាងណាមិញស្ថានភាពនេះក៏ចោទជាសំណួរថាតើ Afshar បានប្រើប្រាស់ជំហរសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Tesla ជាមធ្យោបាយមួយដើម្បីកាន់កាប់ការងារផ្គត់ផ្គង់កញ្ចក់សម្រាប់គម្រោងសាង់សង់ខាងលើ។
គួរបញ្ជាក់ដែរថា តាមរយៈប្រវត្តិរូបនៅលើ LinkedIn របស់លោក Afshar បានសរសេរថាគាត់បានធ្វើការឱ្យ «ការិយាល័យនាយកប្រតិបត្តិនៅ Tesla» តាំងពីឆ្នាំ ២០១៧មកម្លេះ។ ចាប់តាំងពីចាប់ផ្តើមធ្វើការនៅក្នុងក្រុមហ៊ុនមក Afshar ជាមនុស្សម្នាក់ដែលជិតស្និតជាមួយ Musk បំផុតរហូតដល់ពណ៌នាថាគាត់ជា «បុរសដៃស្តាំ» របស់ Musk ផងដែរ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




