(មេនឆេស្ទឺ)៖ ក្លិបបាល់ទាត់ផ្នែកនារី Manchester United បានចុះកិច្ចសន្យា នាំយកខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Lucia Garcia មកពីក្លិប Athletic Bilbao លើកិច្ចសន្យាដែលនឹងលេងដល់ចប់រដូវកាល ២០២៣-២៤។ នេះបើតាមក្លិបដែលលេងនៅលីគ Women’s Super League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះ។
កីឡាការិនីវ័យ ២៣ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី ៦៣គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦១ប្រកួតកាលពី ៦ឆ្នាំមុននៅឯក្លិបអេស្ប៉ាញមួយនេះ ហើយនឹងចូលរួមពង្រឹងខ្សែប្រយុទ្ធរបស់ក្លិប United បន្ទាប់ពីការទៅដល់របស់អតីតខ្សែប្រយុទ្ធ Tottenham Hotspur កីឡាការិនី Rachel Williams កាលពីដើមខែនេះ លើកិច្ចសន្យាស្រដៀងគ្នា។
Garcia គឺជាផ្នែកមួយនៃក្លិប Athletic Bilbao ដែលឈានដល់វគ្គ ៨ក្រុមចុងក្រោយនៃពា ន European Championship។
សូមជម្រាបថា United បានបញ្ចប់នៅចំណាត់ថ្នាក់ទី៤ ក្នុងលីគ Women’s Super League កាលពីរដូវកាលមុន ជាមួយនឹង ៤២ពិន្ទុពី ២២ប្រកួត ហើយនឹងចាប់ផ្តើមយុទ្ធនាការថ្មីនៅថ្ងៃទី១១ ខែកញ្ញាខាងមុខ ជាមួយនឹងការធ្វើដំណើរទៅជួបក្រុម Spurs៕

ប្រែសម្រួលដោយគីរីដងរែក


