ពិធីរៀបការ ជនជាតិដើមភាគតិច គ្រឹង រៀបចំឡើងជា ៦ ដំណាក់កាល។ បន្ទាប់ពីបញ្ចប់ ដំណាក់កាលទី១ គឺ ពិធីសែនចងដៃពេលព្រឹក នៅផ្ទះកូនកំលោះ ដែល កម្ពុជាថ្មី បានផ្សាយរួមហើយនោះ (មានភ្ជាប់ Link នៅខាងក្រោម) គឺចូលដល់ដំណាក់កាលទី ២ ជា ពិធីសែនទទួលកូនកំលោះពេលល្ងាច នៅផ្ទះខាងកូនក្រមុំ ទើបកូនកំលោះ កូនក្រមុំអាចរស់នៅជាប្ដីប្រពន្ធបាន ប៉ុន្តែត្រូវប្រកាន់ត្រណម មិនឱ្យមានកូន។
លោក សាមៀន ចាម៉ាក់ ចាស់ទុំក្នុងភូមិ និងជាមេអណ្ដើក បានឱ្យ “កម្ពុជាថ្មី” ដឹងថា នៅដំណាក់កាលទី ២ នេះ បងប្អូន ជនជាតិដើមភាគតិច គ្រឹង ប្រើភ្លេងសម្រាប់កំដរក្នុងពិធី ដោយក្រុមសិល្បៈវាយគង ៥ ផ្លែ លេងបទ ស៊ីផឹក “ហ្គងញៀត” បន្ទាប់មកកូនកំលោះ និងកូនក្រមុំអាចរួមរស់នៅជាមួយគ្នា ជា លក្ខណៈ ជាប្តីប្រពន្ធបាន។ លុះរយៈពេលមួយឆ្នាំក្រោយ ទើបគេរៀបចំពិធីសែនធំ រៀបការ ម្តង ទៀត ដោយរយៈពេលនេះ ត្រូវមានត្រណមមួយ។
លោក សាមៀន ចាម៉ាក់ បញ្ជាក់បន្ថែមថា៖ “ត្រណមតាមប្រពៃណី គឺក្នុងអំឡុងពេលអ្នកទាំងពីរ រស់នៅជាមួយគ្នាមួយឆ្នាំនេះ មិនអាចឱ្យមានកូនបានទេ តែបើសិនអ្នកទាំងពីរមិនគោរពតាម លក្ខខណ្ឌប្រពៃណីនេះទេ មេកន្ទ្រាញប្រចាំភូមិត្រូវផាកពិន័យមានដូចជា ជ្រូក ១ ក្បាល ស្រា ១ ពាង ដើម្បីយកមករៀបចំធ្វើពិធីសែនព្រេនក្នុងភូមិ សែនរំដោះគ្រោះ”។
លោក សាមៀន ចាម៉ាក់ បង្ហាញបន្តថា របៀបនៃការសែនរំដោះគ្រោះ គឺមេកន្រ្ទាញយកឈាមជ្រូក លាយនឹងស្រាដាក់ចូលក្នុងឆ្នាំង កាន់ដើរតាមផ្ទះក្នុងភូមិ ចំណែកកូនកំលោះជា អ្នកយកឈាម ជ្រូក នៅក្នុងឆ្នាំងលាបតាមកាំជណ្តើររបស់អ្នកភូមិគ្រប់ផ្ទះ។ ក្នុងពេលធ្វើពិធីមួយថ្ងៃនេះដែរ អ្នកភូមិ ដែល បានដឹងឮ ត្រូវមានត្រណមមិនអាចឱ្យធ្វើការងារអ្វីបានឡើយ។
ប្រធានការិយាល័យសិប្បកម្ម សូនរូប ទទួលបន្ទុកការងារមត៌កវប្បធម៌អរូបី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី លោក ថុល យុពង្ស បានឱ្យ “កម្ពុជាថ្មី” ដឹងថា ដំណាក់កាលទី ២ នៃពិធីសែនទទួលកូនកំលោះពេលល្ងាច នៅផ្ទះខាងកូនក្រមុំ នេះ ចំពោះលំដាប់សម្រាប់សែនព្រេន ត្រូវមានមាន់ ១ ក្បាល និងស្រា ៤ ពាង។ ចំណែករបៀប នៃការសែនព្រេន គឺមេអណ្ដើកម្នាក់យកចង្អេរមួយមកដាក់មាន់ស្ងោរ ហើយមេអណ្ដើកម្នាក់ទៀត យកបំពង់បឺតទៅដោតក្នុង ពាងស្រា។
លោក ថុល យុពង្ស មានប្រសាសន៍ថា៖ “ចំណែកកូនកំលោះទៅដងទឹកយកចាក់ស្រា រួចហើយមេអណ្ដើកយក ឈើ ដោត បេះដូងមាន់មក ដាក់នៅមាត់ពាងស្រាទាំងបួន ធ្វើពិធី “គៀសមាត់ពាង” ទាំងបួនពាង ដើម្បីបន់ស្រន់ដល់អារក្ស ជីដូនជីតាឱ្យពួកគាត់ ទទួលដឹងឮ និងជួយថែរក្សាដល់កូនកំលោះដែលមករស់នៅ ខាងផ្ទះ កូនក្រមុំ។ បន្ទាប់មកឪពុក ខាងកូនក្រមុំយកស្លឹកចេកខ្ចប់បាយ សម្លរ ថ្នាំជក់ ម្លូ ស្លា រួចស្រោចស្រាពីលើកញ្ចប់ស្លឹកចេកនោះ ដើម្បីសែនព្រេនឱ្យខ្មោចដែល ថែរក្សានៅក្នុងផ្ទះ”។
លោក ថុល យុពង្ស បានឱ្យដឹងបន្ថែមថា ចំពោះលក្ខខណ្ឌពេលផឹកស្រាពាង គឺស្រា ១ ពាងសម្រាប់ ម្ចាស់ផ្ទះខាងស្រីផឹកមុន។ ស្រា ១ ពាង ជូនដល់មេអណ្តើកទាំងពីរសម្រាប់ផឹក។ ស្រា ១ ពាង សម្រាប់ឪពុក ម្តាយទាំងសងខាងផឹក និង-ស្រា ១ ពាងទៀត សម្រាប់សាច់ញាតិ បងប្អូនដែលបានមកចូលរួមផឹក។
គួរបញ្ជាក់ថា ប្រពៃណីបងប្អូនជនជាតិដើមភាគតិច គ្រឹង ពេលណាឪពុកម្តាយទាំងសងខាងទទួលដឹងឮថា កូនប្រុស និងកូនស្រី មានទំនាក់ទំនងត្រឹមចិត្ត និងចិត្ត និងចង់រស់នៅជាមួយគ្នាជាប្ដីប្រពន្ធហើយ ឪពុក ម្តាយខាងស្រី ក៏បង្គាប់ ឱ្យ កូនប្រុសមកជួយធ្វើការងារមួយចំនួននៅផ្ទះខាងស្រី ដើម្បីសម្គាល់មើលពីអត្តចរិត និងមើលពី សកម្មភាពការងាររបស់កូនប្រុសនោះរយៈពេលប្រហែលមួយឆ្នាំ ចំណែកខាងកូនស្រី ក៏ត្រូវទៅជួយធ្វើការងារខាងប្រុសខ្លះៗវិញដែរ ទើបកំណត់រកពេលវេលារៀបការ នៅរដូវអ្នកភូមិទំនេរ ឬក្រោយបញ្ចប់ប្រមូលផលស្រូវចម្ការ៕
ដោយគីរីដងរែក