ប្រទេសរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកភូមិមួយ នៅជិតទីក្រុងឧស្សាហកម្ម Severodonetsk របស់ប្រទេសអ៊ុយក្រែន ដែលជាគោលដៅសំខាន់ក្នុងយុទ្ធនាការរបស់ទីក្រុងមូស្គូ ដើម្បីគ្រប់គ្រងភាគខាងកើតប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានឈ្នះនៅភូមិ Metyolkine ដែលមានប្រជាជនតិចជាង៨០០នាក់ មុនពេលសង្រ្គាមចាប់ផ្តើម ខណៈទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍ថា យុទ្ធជនអ៊ុយក្រែនជាច្រើននាក់ បានចុះចាញ់នៅទីនោះ។
ស្របពេលជាមួយគ្នានោះដែរ យោធាអ៊ុយក្រែនទទួលស្គាល់ថា រុស្ស៊ីបានទទួលជោគជ័យនៅក្នុងតំបន់ដែលមានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Severodonetsk។
បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានី កៀវ នៅពេលសង្រ្គាមផ្ទុះឡើងដំបូង កងកម្លាំងរុស្ស៊ីបានផ្តោតលើការព្យាយាមគ្រប់គ្រងទាំងស្រុងនៃសាធារណរដ្ឋ Luhansk និង Donetsk នៃតំបន់ Donbas ភាគខាងកើតប្រទេសអ៊ុយក្រែន។
ផ្នែកខ្លះនៃតំបន់ Donbas ត្រូវបានកាន់កាប់ដោយក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីរួចទៅហើយ មុនការលុកលុយថ្ងៃទី២៤ខែកុម្ភៈ។
កាលពីថ្ងៃអាទិត្យទី១៩ខែមិថុនា ទីក្រុងមូស្គូបានអះអាងថា ការវាយលុករបស់ខ្លួនដើម្បីឈ្នះនៅ Severdonetsk កំពុងដំណើរការដោយជោគជ័យ។
តាមសម្តីអភិបាលក្រុង Luhansk លោក Serhiy Haidai ប្រាប់ទូរទស្សន៍អ៊ុយក្រែន, ការប្រយុទ្ធគ្នាបានធ្វើឲ្យការជម្លៀសមនុស្សចេញពីទីក្រុងមិនអាចទៅរួច ប៉ុន្តែថា ការអះអាងរបស់រុស្ស៊ីដែលថាពួកគេគ្រប់គ្រងទីក្រុងទាំងស្រុង គឺជាការកុហក។ ពួក គេ គ្រប់ គ្រង តែផ្នែកសំខាន់នៃក្រុងប៉ុណ្ណោះមិនមែន ក្រុងទាំងមូលទេ៕
ប្រភព TASS ប្រែសម្រួលដោយគីរីដងរែក