30.4 C
Phnom Penh
Wednesday, November 4, 2026
- Advertisement -spot_img

តំណាងពិសេសនៃអគ្គលេខាធិការ UN កោតសរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ និងលុបបំបាត់ពលកម្មកុមារ

- Advertisement -spot_img

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Najat Maalla M’jid តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកការទប់ស្កាត់អំពើហិង្សាលើកុមារ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះមានគោលបំណងចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍របស់កម្ពុជាក្នុងការលុបបំបាត់អំពើហិង្សាលើកុមារ ក្នុងទិសដៅបញ្ចប់អំពើហិង្សាគ្រប់ទម្រង់លើកុមារ ស្របតាមរបៀបវារៈឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Najat Maalla M’jid និងគណៈប្រតិភូរបស់អង្គការសហប្រជាជាតិដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ UN ជាមួយកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ ខណៈវត្តមានរបស់គណៈប្រតិភូនាឱកាសនេះ ជាសក្ខីភាពបង្ហាញពីភាពរឹងមាំនៃបេសកកម្ម និងពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងពិភពលោកមួយដែលកុមារគ្រប់រូបអាចធំធាត់ឡើងដោយគ្មានអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់ទម្រង់។

ឯកឧត្តមបានជម្រាបពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការបញ្ចប់អំពើហិង្សាលើកុមារ ដោយនៅកម្រិតថ្នាក់ជាតិ កម្ពុជាបានដាក់ឱ្យអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងឆ្លើយតបនឹងអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ដើម្បីពង្រឹងការបង្ការ ការការពារ និងការឆ្លើយតប តាមរយៈកិច្ចសហការរវាងក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ។ ក្នុងនោះដែរ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ពលកម្មកុមារ ការពារកម្មករវ័យក្មេង និងលើកកម្ពស់ការអភិវឌ្ឍជំនាញប្រកបដោយសុវត្ថិភាព និងឱកាសការងារសមរម្យ។ ក្រសួងប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ និងការពារការរំលោភបំពានសិទ្ធិនៅកន្លែងធ្វើការ ដែលជាផ្នែកមួយនៃការរំលោភបំពានក្នុងវិស័យសេដ្ឋកិច្ច និងការងារ តាមរយៈការអនុវត្តកម្មវិធីស្តីពីការលុបបំបាត់ពលកម្មកុមារ ការបង្ការការបៀតបៀនផ្លូវភេទ និងការរើសអើងនៅកន្លែងធ្វើការ។

ឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីការងារ ពាក់ព័ន្ធនឹងអាយុអប្បបរមាសម្រាប់ការងារ និងការទប់ស្កាត់ពលកម្មកុមារក្នុងវិស័យកសិកម្ម ដោយកុមារមួយចំនួននៅតែជួយការងារគ្រួសារនៅកសិដ្ឋានតាមទម្លាប់ប្រពៃណី ទោះបីជាសហគ្រាសមិនបានជួលកុមារក៏ដោយ និងលើកកម្ពស់ការទទួលខុសត្រូវរបស់និយោជក និងមាតាបិតា។ ក្រៅពីនេះមានការត្រួតពិនិត្យទីតាំងដោយមិនជូនដំណឹងជាមុន និងលើកទឹកចិត្តឱ្យមានការរាយការណ៍តាមរយៈលេខ Hotline, ការការពារកុមារចំណាកស្រុក និងកិច្ចគាំពារសង្គម ការផ្តល់ឱកាសអប់រំ និងបណ្តុះបណ្តាលឡើងវិញ, ការពង្រឹងអនុលោមតាមច្បាប់ដល់សហគ្រាសដែលផលិតផលិតផលនាំចេញ ដោយពង្រឹងការអនុវត្តច្បាប់ការងារ និងការបញ្ចូលវិធានការបង្ការពលកម្មកុមារទៅក្នុងលក្ខខណ្ឌតម្រូវស្នូលនៃអនុលោមភាពតាមច្បាប់ការងារ, ការពង្រឹងកិច្ចសម្របសម្រួល និងយន្តការឆ្លើយតប ព្រមទាំងការពង្រឹងយន្តការគាំពារកុមារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ កម្ពុជាបានប្តេជ្ញាពង្រឹងក្របខ័ណ្ឌច្បាប់ជាតិ-អន្តរជាតិ តាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាសំខាន់ៗរបស់អង្គការ ILO។

ឯកឧត្តមបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាថ្មីរបស់ក្រសួងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ព្រមទាំងការពារកុមារពីអំពើហិង្សា និងការកេងប្រវ័ញ្ចគ្រប់ទម្រង់។ ជាការឆ្លើយតប លោកជំទាវ Najat Maalla M’jid បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តីក្នុងកិច្ចពិភាក្សាដោយបើកចំហ និងស្ថាបនា ព្រមទាំងបានបញ្ជាក់ជូនពីការប្តេជ្ញាចិត្ត និងវឌ្ឍនភាពការងារសំខាន់ៗ។ លោកជំទាវបានកោតសរសើរ និងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការអនុវត្តនូវវិធីសាស្ត្រដ៏ទូលំទូលាយ និងជាក់ស្តែងជាមួយភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ ព្រមទាំងលទ្ធផលសម្រេចបាន និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយដៃគូអន្តរជាតិស្របតាមអនុសញ្ញាអន្តរជាតិរបស់អង្គការ ILO។ លោកជំទាវបានទទួលបទពិសោធដ៏មានតម្លៃជាច្រើនពីកិច្ចពិភាក្សានេះ ជាពិសេសបានឈ្វេងយល់ពីការបង្កើតយន្តការតភ្ជាប់ និងផ្តល់ឱកាសដល់កុមារដែលបានបោះបង់ការសិក្សាឱ្យវិលត្រឡប់ទៅបន្តការសិក្សា និងទទួលបានការបណ្តុះបណ្តាលឡើងវិញ ព្រមទាំងការចុះអធិការកិច្ចដោយមិនជូនដំណឹងជាមុន ដែលកិច្ចខិតខំប្រឹងប្រែងនេះពិតជាមានសារៈសំខាន់ជាខ្លាំងចំពោះការការពារ និងលើកកម្ពស់សិទ្ធិកុមារ។ លោកជំទាវបានបញ្ជាក់ថា នឹងចែករំលែកបទពិសោធល្អៗរបស់កម្ពុទៅកាន់ប្រទេសផ្សេងទៀតផងដែរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img