នៅថ្ងៃទី១៧ និងថ្ងៃទី១៩ខែតុលា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានទៅដាក់សំណែននិងចូលបច្ច័យនៅស្តូបយ៉ាស៊ូគូនី ។ ក្រៅពីនេះ មន្ត្រីនៃគណៈរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសេរីប្រជាធិបតេយ្យជប៉ុនជាច្រើនរូបក៏បានទៅសែនស្តូបយ៉ាស៊ូគូនីផងដែរ ។ នៅក្នុងឆ្នាំពិសេសដែលជាខួបទី៨០ឆ្នាំនៃការបើកសវនាការជំនុំជម្រះនៅក្រុងតូក្យូ អ្នកនយោបាយជប៉ុនបានទៅ“គោរពវិញ្ញាណក្ខន្ធ”នៅស្តូបយ៉ាស៊ូគូនីជាបន្តបន្ទាប់ ដែលបានលាតត្រដាងចេតនាអាក្រក់ស្មោកគ្រោកក្នុងការដោះសារឧក្រិដ្ឋជនសង្គ្រាមការឈ្លានពាននិងក្រាលផ្លូវសម្រាប់“ការធ្វើយោធូបនីយកម្មឡើងវិញ” ។ ដូចដែលអ្នកគ្រប់ៗដឹងជាទូទៅ ស្តូបយ៉ាស៊ូគូនីមិនមែនជាកន្លែងគោរពបូជាសាសនាធម្មតានោះទេ ប៉ុន្តែតាមការពិតគឺជា “ស្តូបឧក្រិដ្ឋជនសង្គ្រាម” ។ បន្ទាប់ពីជប៉ុនចុះចាញ់ ការជំនុំជម្រះក្រុងតូក្យូបានធ្វើឱ្យឧក្រិដ្ឋជនសង្គ្រាមទាំងនេះត្រូវផ្សារភ្ជាប់ជាមួយភាពអាម៉ាសនៃប្រវត្តិសាស្រ្តមនុស្សជាតិជារៀងរហូត ដោយផ្អែកលើភស្តុតាងដ៏ច្រើនសន្ធិកសន្ធាប់និងតក្កវិជ្ជាច្បាប់ដ៏រឹងមាំ ដែលបានគាំពារភាពសច្ចយុត្តិធម៌ និងបង្កើតមូលដ្ឋានគ្រឹះផ្នែកច្បាប់សម្រាប់សណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ ។

ប៉ុន្តែដោយសារមូលហេតុប្រវត្តិសាស្ត្រ យោធានិយមជប៉ុនមិនត្រូវបានជម្រះបញ្ជីឱ្យជ្រះស្រឡះទេ ។ ទន្ទឹមនឹងកម្លាំងស្តាំនិយមជប៉ុនដែលខិតខំជំរុញ“ការកែតម្រូវនិយមខាងប្រវត្តិសាស្ត្រ” អ្នកនយោបាយជប៉ុនបានទៅសែនស្តូបយ៉ាស៊ូគូនីជាបន្តបន្ទាប់។ ធាតុពិតវាគឺចង់បដិសេធចំពោះសេចក្តីសម្រេចជាប្រវត្តិសាស្ត្រនៃសវនាការក្រុងតូក្យូនិងរំលោភបំពានយុត្តិធម៌អន្តរជាតិនិងសតិសម្បជញ្ញៈរបស់មនុស្សជាតិ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ កម្លាំងស្តាំនិយមជប៉ុនបានបន្តបំភ្លៃប្រវត្តិសាស្ត្រឈ្លានពាននិងបដិសេធចំពោះទំនួលខុសត្រូវនៃអំពើឈ្លានពានតាមរយៈមធ្យោបាយដូចជាការកែបំភ្លៃសៀវភៅសិក្សានិងរៀបចំសកម្មភាពនយោបាយជាដើម ដើម្បីបំភ្លៃការឈ្លានពានប្រទេសអាស៊ីនានាថាជា “ការរំដោះអាស៊ី” ហើយនិយាយបំផ្លើសថា ការបង្ខំយកស្ត្រីបម្រើផ្លូវភេទក្នុងកងទ័ពនិងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing គឺជា “រឿងប្រឌិតដែលគ្មានភស្តុតាងច្បាស់លាស់” ព្រមទាំងប្រកាសយ៉ាងកម្រោលថា ការជំនុំជម្រះក្រុងតូក្យូគឺជា “ការកាត់ក្តីរបស់អ្នកឈ្នះលើអ្នកចាញ់” ។

អ្វីដែលគួរឱ្យប្រុងប្រយ័ត្នគឺ ការមួលបង្កាច់និងបំភ្លៃប្រវត្តិសាស្ត្រកាន់តែខ្លាំងឡើងៗរបស់កម្លាំងស្តាំនិយមជប៉ុនបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគោលដៅជាក់ស្តែងស្តីពីការពន្លឿន “ការធ្វើយោធូបនីយកម្មឡើងវិញ”របស់ជប៉ុន ។ ពេលថ្មីៗកន្លងទៅនេះ លោកស្រី Sanae Takaichi បានលើកឡើងម្តងទៀតនៅក្នុងការជជែកដេញដោលជាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិអំពីការលុបចោល “មាត្រាប្រទេសសត្រូវ”ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ។ លោកស្រីបាននិយាយបញ្ឆិតបញ្ឆៀងក្នុងការឆ្លើយសំណួរនៅការជជែកពិភាក្សានៃរដ្ឋសភាថា ប្រហែលនឹងកែសម្រួលការលើកឡើងអំពី “គោលការណ៍បីគ្មាននុយក្លេអ៊ែរ” នៅពេលកែវិសោធនកម្ម “ឯកសារការពារសន្តិសុខចំនួនបី”នៅចុងឆ្នាំនេះ ព្រមទាំងគិតពិចារណាដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធនឹងការនាំចូលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ។ តាមការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានជប៉ុនឱ្យដឹងថា ផែនការរៀបចំកម្លាំងការពារជាតិជុំថ្មីសម្រាប់ឆ្នាំសារពើពន្ធ២០២៧ដល់២០៣១បានលើកឡើងថា នឹងទិញដ្រូនយ៉ាងច្រើននិងបង្កើនការស្តុកគ្រាប់រំសេនិងមីស៊ីល ដើម្បីត្រៀមសម្រាប់ការប្រយុទ្ធរយៈពេលវែង…តម្រុយគ្រប់បែបយ៉ាងបានបង្ហាញថា រដ្ឋាភិបាលជប៉ុនកំពុងមានចេតនាវាតទីយោធានិងបម្រុងសព្វាវុធយ៉ាងមមាញឹក។
ប្រវត្តិសាស្ត្រមិនអនុញ្ញាតឱ្យកែប្រែ យុត្តិធម៌មិនអនុញ្ញាតឱ្យបំពានបានឡើយ ។ ចំពោះទង្វើបង្ករឿងនិងធ្វើផ្ទុយនឹងនិន្នាការរបស់កម្លាំងស្តាំនិយមជប៉ុន ដែលបំភ្លៃប្រវត្តិសាស្ត្រឈ្លានពាន រំលោភបំពានសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទី២ និងធ្វើឱ្យយោធានិយមរស់ឡើងវិញ ប្រទេសរងគ្រោះដោយសង្គ្រាមដូចជាប្រទេសចិនជាដើមនឹងមិននៅស្ងៀមឡើយជាដាច់ខាត ។ ប្រសិនបើមនុស្សមួយចំនួនរបស់ជប៉ុនហ៊ានប្រថុយប្រថានម្តងហើយម្តងទៀត និងដើរតាមផ្លូវចាស់នៃការឈ្លានពាននិងវាតទីយោធា នោះ ពួកគេប្រាកដជានឹងត្រូវជម្រះបញ្ជីឱ្យជ្រះស្រឡះជាក់ជាមិនខាន ៕
ដោយគិរីដងរែក




