26.2 C
Phnom Penh
Saturday, October 17, 2026
- Advertisement -spot_img

លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ អមដំណើរដោយលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ព្រមទាំងក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ និងផ្លូវបេតុងដែលរងការខូចខាតទាំងស្រុង

- Advertisement -spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងចាត់វិធានការជួសជុលផ្លូវបេតុងដែលបាក់ស្រុតច្រាំងមាត់ទន្លេរ ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាអាជីវកលក់ដូ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ ដោយមានការអមដំណើរពីលោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ព្រមទាំងក្រុមការងារបច្ចេកទេស បានចុះពិនិត្យស្ថានភាពបាក់ស្រុតច្រាំងទន្លេ និងផ្លូវបេតុងដែលរងការខូចខាតទាំងស្រុង មានទទឹង ៦ ម៉ែត្រ និងបណ្តោយ ៣០ ម៉ែត្រ នៅចំណុចផ្សារក្រមួន តាមបណ្តោយផ្លូវទន្លេមេគង្គ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ក្រោយពីបានចុះពិនិត្យស្ថានភាពជាក់ស្តែង អាជ្ញាធរបានចាត់វិធានការជាបន្ទាន់ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ ដោយនាំយកគ្រឿងចក្រចុះអនុវត្តការងារជួសជុល និងស្តារផ្លូវឡើងវិញ ដើម្បីកាត់បន្ថយការលំបាកក្នុងការធ្វើដំណើរ និងបង្កើនសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ និងធ្វើដំណើរឆ្លងកាត់តំបន់នេះ។

ការឆ្លើយតបយ៉ាងរហ័សរបស់អាជ្ញាធរ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានមានការត្រេកអរ និងសាទរយ៉ាងខ្លាំង ដោយចាត់ទុកថា នេះជាសកម្មភាពជាក់ស្តែងមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន ចំពោះសុខទុក្ខ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ឃួង ស្រេង និងអាជ្ញាធរខណ្ឌជ្រោយចង្វារ ព្រមទាំងអាជ្ញាធរសង្កាត់ព្រែកលៀប ដែលបានចុះពិនិត្យ និងដោះស្រាយបញ្ហាដោយមិនបង្អង់យូរ។ ពួកគាត់យល់ថា ការយកចិត្តទុកដាក់ចំពោះបញ្ហាជាក់ស្តែងនៅមូលដ្ឋាន និងការឆ្លើយតបទាន់ពេលវេលា គឺជាកត្តាសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរ។

សកម្មភាពខាងលើបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការថែទាំ និងស្តារហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ព្រមទាំងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ការបន្តអនុវត្តសកម្មភាពបែបនេះ នឹងរួមចំណែកលើកកម្ពស់គុណភាពជីវិត សុវត្ថិភាពក្នុងការធ្វើដំណើរ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img