នាព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ និងពិភាក្សាលើការកែសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធស្ថាប័នរបស់អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពការងារ ចៀសវាងការជាន់ភារកិច្ចគ្នា និងដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកែទម្រង់ស្ថាប័នឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នា និងឆ្លើយតបបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចនាពេលកន្លងមក ព្រមទាំងបានណែនាំ និងជំរុញឱ្យបន្តពង្រឹងស្មារតីសាមគ្គីភាព កិច្ចសហការផ្ទៃក្នុងឱ្យកាន់តែជិតស្និទ្ធ ដើម្បីសម្រេចបាននូវលទ្ធផលថ្មីៗបន្ថែមទៀត បម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕



ដោយគិរីដងរែក




