34.2 C
Phnom Penh
Tuesday, September 29, 2026
- Advertisement -spot_img

ឯកឧត្តម ហេង សួរ ជំរុញកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិឱ្យក្លាយជា “ចលនាជាតិ” ដើម្បីអភិវឌ្ឍមូលធនមនុស្ស និងបើកឱកាសឱ្យយុវជនបង្ហាញទេពកោសល្យក្នុងកម្រិតតំបន់ និងពិភពលោក

- Advertisement -spot_img

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការប្រកួតប្រជែងជំនាញជាការបញ្ចេញទេពកោសល្យ និងបង្កើតឱកាសជោគជ័យ!” នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ គណៈកម្មការរៀបចំ ប្រធានគណៈវិនិច្ឆ័យ ប្រធានជំនាញការ ជំនាញការ លោកគ្រូអ្នកគ្រូ និងសិស្សនិស្សិតប្រមាណ ១ពាន់នាក់។ កម្មវិធីនេះមានគោលបំណងជំរុញការប្រកួតប្រជែងជំនាញប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌ លើកកម្ពស់ការអភិវឌ្ឍគុណភាពជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងលើកតម្លៃការងារដល់យុវជន និងកម្មករជំនាញ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសាធារណៈ ឯកជន និងអង្គការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គណៈកម្មការសម្រាប់ការរៀបចំការប្រកួតប្រជែងជំនាញ និងភាគីពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីនេះ ដែលបង្ហាញជាសាធារណៈនូវការវិវឌ្ឍដោយចីរភាពនៃវិស័យ TVET និងឧត្តមភាពជំនាញ ជាពិសេសទេពកោសល្យរបស់បេក្ខជនចូលរួមប្រកួតប្រជែងឆ្នាំនេះកើនឡើងរហូតដល់ ១១២នាក់ (នារី ២៩ រូប) មកពីគ្រឹះស្ថានចំនួន ២០ ខណៈដែលជំនាញប្រកួតប្រជែងកើនឡើងដល់ ១២។ ឯកឧត្តមមានប្រសាសន៍ថា វឌ្ឍនភាពនេះបង្ហាញពីការវិវត្តជាទីមោទននៃកម្មវិធីនេះក្នុងរយៈពេល១៦ឆ្នាំមកនេះ ដែលកើតចេញពីការផ្តល់អាទិភាពគន្លឹះលើការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញច្បាស់លាស់ គំនិតច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ។

លើសពីនេះ វឌ្ឍនភាពនេះក៏កើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំរដ្ឋ អង្គការ និងវិស័យឯកជនក្នុងការចូលរួមអភិវឌ្ឍ និងលើកស្ទួយជំនាញ។ ហេតុនេះ ឯកឧត្តមបានអំពាវនាវឱ្យភាគីទាំងអស់បន្តចូលរួមបន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍លើកកម្ពស់ជំនាញនៅកម្ពុជា ពង្រឹងនិងបង្កើនកម្លាំងពលកម្មជំនាញ បង្កើនស្តង់ដាបណ្តុះបណ្តាល លើកកម្ពស់ការវិនិយោគ និងចូលរួមសម្រេចចង្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមគូសបញ្ជាក់ថា ជំនាញជាមូលដ្ឋានគ្រឹះ ជាឆ្អឹងខ្នង និងជាកម្លាំងជំរុញដ៏សំខាន់នៃជីវិតសម័យទំនើប សម្រាប់ការអភិវឌ្ឍអាជីព ឧស្សាហកម្ម និងសេដ្ឋកិច្ចសង្គម។ កម្លាំងពលកម្មដែលមានជំនាញខ្ពស់ ជាឧបករណ៍ស្នូលក្នុងការធ្វើផែនការ ការគ្រប់គ្រងនិងដោះស្រាយប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបានលើទឹកចិត្តដល់សិស្សានុសិស្ស និងយុវជនឱ្យឈ្វេងយល់ពីតម្លៃនៃកម្មវិធីនេះ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានជ័យលាភីពីការប្រកួតថ្នាក់ជាតិ ថ្នាក់តំបន់ និងឈានឆ្ពោះទៅឈរកាន់ទង់ជាតិកម្ពុជាក្នុងកម្រិតពិភពលោក នាពេលណាមួយខាងមុខ ហើយក៏ត្រូវធ្វើជាគំរូ និងចែករំលែកបទពិសោធដល់សិស្សប្អូន ឬយុវជនជំនាន់ក្រោយផងដែរ។

ទន្ទឹមនេះ ឯកឧត្តមក៏ផ្តល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដាក់ចេញនូវចក្ខុវិស័យឱ្យបានច្បាស់លាស់ក្នុងការរៀបចំកម្មវិធីនេះ ដើម្បីបំផុសឱ្យយុវជនចាប់យកជំនាញ និងមិនត្រឹមតែសម្រាប់ការប្រកួតថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវមានមហិច្ឆតាយកមេដាយណាមួយក្នុងកម្រិតអាស៊ាន ឬពិភពលោក។ លើសពីនេះ ក៏ត្រូវមានភាពច្នៃប្រឌិតខ្ពស់ក្នុងការរៀបចំ និងពង្រីកកម្មវិធីនេះឱ្យក្លាយជា “ចលនាជាតិ” ដោយសហការជាមួយក្រុមហ៊ុនធំៗ និងដៃគូអភិវឌ្ឍន៍ឱ្យចូលរួមបានផុសផុល។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងនេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រសួងការងារនោះទេ ប៉ុន្តែជារបស់ជាតិទាំងមូល។ ហេតុនេះ ឯកឧត្តមបានអំពាវនាវឱ្យមានការចូលរួម ជួយគាំទ្រ ឧបត្ថម្ភបន្ថែមទៀត ដើម្បីរួមគ្នាអភិវឌ្ឍជំនាញ និងមានសិស្ស ឬបេក្ខជនដែលមានសមត្ថភាពចូលរួមកាន់តែច្រើនទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងសម្រេចក្តីស្រមៃក្នុងការលើកទង់ជាតិកម្ពុជានៅលើវេទិកាពិភពលោកនាពេលអនាគត។

នៅក្នុងកម្មវិធីដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបចេ្ចកទេស និងវិជ្ជាជីវៈ បានជម្រាបជូនថា បេក្ខជនជ័យលាភីដែលទទួលបានមេដាយមាសនឹងទទួលបានប្រាក់រង្វាន់ចំនួនបីលានរៀល មេដាយប្រាក់ទទួលបានចំនួនពីរលានរៀល និងមេដាយសំរឹទ្ធិចំនួនមួយលានរៀល ហើយនឹងត្រូវជ្រើសរើសជាតំណាងកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញក្នុងកម្រិតតំបន់អាស៊ាន អន្តរជាតិ និងពិភពលោក។ ឯកឧត្តមបានប្តេជ្ញាពង្រីក និងពង្រឹងគុណភាពនៃកម្មវិធីនេះឱ្យកាន់តែទូលំទូលាយ ដើម្បីអភិវឌ្ឍជំនាញ និងសេដ្ឋកិច្ចសង្គមកម្ពុជា៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img