នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តវ៉ារិន្ទព្រែកលៀប រដ្ឋបាលសង្កាត់ព្រែកលៀប បានរៀបចំកម្មវិធីសំណេះសំណាល និងចែកប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋដែលមានសិទ្ធិទទួលបានប័ណ្ណសមធម៌ ប្រភេទក្រ១ ប្រភេទក្រ២ និងប័ណ្ណគ្រួសារងាយរងហានិភ័យ សម្រាប់ប្រើប្រាស់ក្នុងការទទួលបានសេវា និងអត្ថប្រយោជន៍តាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ព្រាប មុនី ចៅសង្កាត់ព្រែកលៀប ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ មន្ត្រីរដ្ឋបាលសង្កាត់ ថ្នាក់ដឹកនាំភូមិទាំង៤ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបប្រមាណ ២៥០នាក់។ ក្នុងឱកាសនោះ លោក ព្រាប មុនី បានលើកឡើងថា ការផ្តល់ប័ណ្ណសមធម៌ និងប័ណ្ណគ្រួសារងាយរងហានិភ័យ គឺជាការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជួយគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងគ្រួសារងាយរងហានិភ័យ ឱ្យទទួលបានការគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ស្របតាមគោលការណ៍ដែលបានកំណត់។
ជាមួយគ្នានេះ លោកចៅសង្កាត់ ក៏បានណែនាំដល់ប្រជាពលរដ្ឋឱ្យរក្សាទុក និងប្រើប្រាស់ប័ណ្ណសមធម៌ឱ្យបានត្រឹមត្រូវ ព្រមទាំងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាការអនុវត្តកម្មវិធីគាំពារសង្គមប្រព្រឹត្តទៅប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងឈានដល់ប្រជាពលរដ្ឋដែលមានសិទ្ធិទទួលបានជាក់ស្តែង។






ដោយគិរីដងរែក




