គ្រួសាររបស់ខ្ញុំគឺជាអ្នកធ្វើស្រែ និងចម្ការនៅជនបទមួយ។
នៅពេលដែលខ្ញុំមានអាយុ១២ឆ្នាំ ហើយប្អូនប្រុសរបស់ខ្ញុំមានអាយុ៨ឆ្នាំ វាមានរឿងមួយបានកេីតឡេីង។
មានថ្ងៃមួយនោះ ដោយឃើញមិត្តរបស់ខ្ញុំសុទ្ធសឹងតែមានប្រើតង្កៀបសក់ស្អាតគ្រប់ៗគ្នា ខ្ញុំបានដាច់ចិត្តលួចលុយរបស់ពុក ដែលគាត់ទុកក្នុងថតតុ ដើម្បីយកទៅទិញតង្កៀបសក់យកមកកៀបសក់ឲ្យបានស្អាតនឹងគេ…
ព្រឹកស្អែកឡើង ពុកបានដឹងថា បាត់លុយគាត់ក៏ហៅខ្ញុំ និងប្អូនប្រុសរបស់ខ្ញុំសួរថា៖
-” តើនរណាលួចលុយរបស់ពុកនៅក្នុងថតតុ?”
ដោយខ្លាចពុកវាយ ខ្ញុំនៅស្ងៀមមិនស្រដីឡើយ។ ពុកខឹងណាស់ ហើយស្រែកថា៖
-” ប្រសិនបើពួកឯងមិនព្រមនិយាយសារភាពទេ ពុកនឹងវាយពួកឯងទាំងពីរនាក់!”
ខណៈនោះ ប្អូនប្រុសខ្ញុំបានជម្រាបពុកថា៖
-“ពុកអើយ! គឺខ្ញុំជាអ្នកលួចលុយនោះ!”
ឮដូច្នោះ ពុកខឹងខ្លាំងណាស់ ស្ទុះទៅកាច់មែកអំពិល រួចច្បូតយកស្លឹកចោល រួចគាត់វាយខ្នងរបស់អាអូន លាន់ឮខ្វាប់ៗ ហើយអាអូនស្រែកយំបណ្ដើរ ស្រែកអង្វរពុកបណ្ដើរថា៖
-” ពុកអើយ! កូនរាងចាលហើយ! កូនលែងហ៊ានលុយពុកទៀតហើយ!”
យប់នោះ ខ្ញុំដេកមិនលក់សោះ ដ្បិតខ្ញុំលួចយំ ព្រោះតែខ្ញុំអាណិតអាអូន ដែលវាសុខចិត្តទទួលទោសជំនួសខ្ញុំ។
អាអូនយកដៃខ្ទប់មាត់របស់ខ្ញុំកុំឲ្យយំ ហើយខ្សឹបប្រាប់ខ្ញុំថា៖
-” តែពុកឮបងយំ គាត់ប្រាកដជាសួរនាំទៀតជាក់ជាមិនខាន! អ្វីៗកន្លងហួសហើយ បងអើយ!”
ខ្ញុំមិនអាចបំភ្លេចបាននូវពលិកម្មរបស់អាអូន ដើម្បីជួយខ្ញុំឲ្យរួចពីទណ្ឌកម្មរបស់ពុកបានទេ!
… ជាច្រើនឆ្នាំក្រោយមក ខ្ញុំបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយខ្ញុំត្រូវបន្តរៀនទៅថ្នាក់អនុបណ្ឌិត រីអាអូនបានប្រឡងបាក់ឌុបជាប់ ហើយវាត្រូវចូលរៀននៅមហាវិទ្យាល័យ។
ពួកយើងរៀនសុទ្ធសឹងតែទទួលនិទ្ទេសល្អ តែពុកម៉ែខ្វល់ចិត្តណាស់ ព្រោះពួកគាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ឲ្យយើងបន្តការសិក្សាទៀតឡើយ។
អាអូនបានជម្រាបពុកថា៖
-” ខ្ញុំមិនចង់រៀនបន្តទៅមហាវិទ្យាល័យទេ ព្រោះខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរកការងារធ្វើហើយ ពុកម៉ែ!”
ឮដូច្នោះ ពុកខឹងខ្លាំងណាស់ ហើយគាត់និយាយថា៖
-” ម្ដេចបានជាឯងគិតឆ្កួតៗអ៊ីចឹង ហ្អាស់?
ទោះបីជាពុកក្រដល់ថ្នាក់ដើរសូមទានគេនៅតាមចិញ្ចើមថ្នល់ ដើម្បីឲ្យពួកឯងទៅរៀន ក៏ពុកព្រមដែរ!”
បន្ទាប់មក ពុកបានដើរតាមផ្ទះញាតិមិត្តរបស់គាត់ ដើម្បីរកខ្ចីប្រាក់គេយកមកឲ្យពួកខ្ញុំបង់ថ្លៃរៀនសូត្រ។
… ខ្ញុំលូកដៃចាប់ដៃរបស់អាអូនថ្នមៗ ហើយខ្ញុំប្រាប់វាថា៖
-” អាអូនជាប្រុសត្រូវរៀនឲ្យបានជ្រៅជ្រះ ទើបមានអនាគតល្អ! ចំណែកបងជាស្រីរៀនតែប៉ុណ្ណឹង គឺវាគ្រប់គ្រាន់ហើយ!”
… តែព្រះអើយ! តើនរណាទៅដឹងថា ព្រឹកស្អែកឡើង អាអូនបានលបលួចចាកចេញពីផ្ទះទៅបាត់ជាមួយខោអាវចាស់ៗពីរបីកំប្លេនោះ…!
អាអូនឆ្លៀតលបលួចស៊កកូនលិខិតខ្លីមួយនៅក្រោមខ្នើយរបស់ខ្ញុំ ដែលវាមានសេចក្ដីថា៖
-” បងស្រីជាទីស្រឡាញ់! សូមបងមេត្តាបន្តការសិក្សារបស់បងនៅសាកលវិទ្យាល័យចុះ!
ខ្ញុំសូមលាបងទៅរកការងារធ្វើហើយ!
ខ្ញុំនឹងខិតខំធ្វេីការងារ ដេីម្បីសន្សំប្រាក់ ហេីយខ្ញុំនឹងផ្ញើប្រាក់ជូនបង ដេីម្បីបងអាចបង់ថ្លៃសិក្សាបាន!”
ខ្ញុំយកលិខិតរបស់អាអូនមកឱបផ្ទប់នឹងបេះដូងរបស់ខ្ញុំ រួចស្រែកយំដោយខ្លោចចិត្ត!
… ឥឡូវនេះ ខ្ញុំមានអាយុ២៣ឆ្នាំ រីអាអូនមានអាយុ១៩ឆ្នាំហើយ។
ដោយប្រាក់ដែលពុកបានខ្ចីពីញាតិមិត្ត និងប្រាក់ដែលបានមកពីកម្រៃជាកម្មករសំណង់ ដែលអាអូនបានផ្ញើឲ្យ ខ្ញុំបានរៀនដល់ឆ្នាំចុងក្រោយ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបញ្ចប់ថ្នាក់អនុបណ្ឌិតដោយជោគជ័យ។
… ថ្ងៃមួយនៅពេលកំពុងរៀនត្រៀមប្រឡង មិត្តរបស់ខ្ញុំម្នាក់បានមកប្រាប់ខ្ញុំថា មានអ្នកភូមិជាមួយគ្នាម្នាក់ បានមករកខ្ញុំនៅឯក្រៅសាលា។
ខ្ញុំចេញទៅ ឃើញអាអូនមានរូបរាងស្គមស្គាំង សម្បុរខ្មៅដុតរោលដោយកម្ដៅព្រះអាទិត្យ ស្លៀកពាក់យ៉ាងស្រមក និងព្រលូសដោយធូលីដី និងសុីម៉ង់ត៍ ដែលខ្ញុំមេីលស្ទេីរតែមិនស្គាល់។
ខ្ញុំឃើញរូបរាងដ៏គួរឲ្យខ្លោចចិត្តរបស់អាអូន ហើយខ្ញុំសួរវាថា៖
-” ហេតុម្ដេចអាអូនមិនប្រាប់គេថា ឯងចង់ជួបបង?”
អាអូនឆ្លើយថា៖
-” បងមើលរូបរាងរបស់ខ្ញុំទៅមើល! បើខ្ញុំប្រាប់គេថា ខ្ញុំត្រូវជាប្អូនប្រុសរបស់បង នោះវាប្រាកដជាគេមើលងាយបងហើយ …ថាបងមានប្អូនប្រុសដ៏ក្រីក្ររហាមម្នាក់ដូចជារូបខ្ញុំ…!”
ខ្ញុំយកដៃបោសធូលី និងសុីម៉ង់ត៍ចេញពីប្រាណរបស់អាអូន ដោយអារម្មណ៍អួលដើម-ក រួចបន្លឺថា៖
-” អត់ទេ! បងមិនខ្វល់ទេ! គេចង់ថាអ្វីឲ្យគេថាទៅ! អាអូនគឺជាប្អូនតែម្នាក់របស់បង!”
អាអូនលូកដៃក្នុងហោប៉ៅ ហើយដកយកតង្កៀបមេអំបៅដ៏ស្រស់ស្អាតមួយ ហេីយវាយកមកកៀបសក់ឲ្យខ្ញុំ រួចវាពោលថា៖
-” ខ្ញុំឃើញស្រីៗកៀបតង្កៀបនេះស្អាតណាស់ ខ្ញុំសន្សំលុយទិញជូនបងមួយ!”
ខ្ញុំខ្ទប់មុខយំហ៊ូ ព្រោះតែខ្ញុំរំភើបចិត្តពេកចំពោះទឹកចិត្តស្រឡាញ់បងស្រីរបស់អាអូន…
… ខ្ញុំមានអាយុ២៤ឆ្នាំ ហើយអាអូនមានអាយុ២០ឆ្នាំហើយ។
ខ្ញុំបានរៀបការ ហើយខ្ញុំតាមស្វាមីមករស់នៅភ្នំពេញ។
ស្វាមីខ្ញុំបានអញ្ជើញពុកម៉ែឲ្យមកនៅជាមួយ តែពួកគាត់ប្រកែកមិនព្រមចាកចោលផ្ទះសម្បែងនៅឯស្រុកទេ ណាមួយពួកគាត់មិនទម្លាប់ទៅនឹងជីវភាពនៅទីក្រុងផង។
អាអូនដឹងដំណឹងនេះ វាបានមកប្រាប់ខ្ញុំថា៖ បងគួរតែអញ្ជើញមាតាបិតាក្មេករបស់បងមកនៅជាមួយចុះ រីពុកម៉ែ បងទុកឲ្យខ្ញុំមើលថែពួកគាត់ចុះ!”
…
ស្វាមីរបស់ខ្ញុំបានក្លាយជានាយករោងចក្រមួយ ហើយយើងបានហៅអាអូនឲ្យមកធ្វើជានាយផ្នែកគ្រប់គ្រងកម្មករ តែអាអូនបដិសេធ ហើយវាសុខចិត្តធ្វើជាកម្មករសាមញ្ញវិញសិន។
… ថ្ងៃមួយ អាអូនឡើងជណ្ដើរ ដើម្បីផ្សារដែកគ្រោង ហើយវាត្រូវអគ្គិសនីឆក់ធ្លាក់មកដី ហើយវាត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ខ្ញុំភិតភ័យណាស់ ហើយខ្ញុំប្រញាប់ទៅមើលអាអូននៅមន្ទីរពេទ្យ ហើយខ្ញុំបន្ទោសវាថា៖
-” បងឲ្យឯងធ្វើមេគេ តែឯងប្រកែក! ឯងឃើញទេ ធ្វើកូនចៅគេ វាមានគ្រោះថ្នាក់អ៊ីចឹងណា!”
អាអូនសម្លឹងខ្ញុំដោយទឹកមុខមាំ និងមុឺងម៉ាត់ ហើយវាបនឺ្លថា៖
-” បងថ្លៃរបស់ខ្ញុំគឺជានាយករោងចក្រ ហើយប្រសិនបើខ្ញុំជាប្អូនថ្លៃដែលរៀនបានតិចតួចឡេីងធ្វើជានាយផ្នែកគ្រប់គ្រង នោះពួកគេនឹងសើចចំអក និងទិតៀនថា ពួកយើងប្រកាន់របៀបធ្វេីការបែបបក្សពួកនិយមហើយ! “
ឮដូច្នោះ ស្វាមីខ្ញុំរញ្ជួយចិត្តរហូតដល់គាត់ហូរទឹកភ្នែក!
ខ្ញុំបន្លឺដោយស្ដាយក្រោយថា៖
-” អាអូនរៀនបានតិច ក៏ព្រោះតែបងដែរ!
…. ខ្ញុំមានអាយុ២៩ឆ្នាំ អាអូនមានអាយុ២៥ឆ្នាំហើយវាបានរៀបការជាមួយនារីជនបទដ៏សាមញ្ញម្នាក់។
នៅថ្ងៃរៀបការ គេសួរអាអូនថា៖
-” ក្រៅពីពុកនិងម៉ែ តើអ្នកគោរពនរណាជាងគេ?”
អាអូនឆ្លើយដោយឥតបង្អង់ថា៖
-” គឺបងស្រីរបស់ខ្ញុំ!”
អាអូនបានរៀបរាប់នូវរឿងរ៉ាវមួយ ដែលខ្ញុំបានភ្លេចបាត់យូរណាស់ទៅហើយ គឺថា៖
-” កាលពីពុកម៉ែនៅក្រីក្រ បងស្រីមិនដែលហ៊ានហូបឆ្អែតទេ គឺតែងតែលៃលកទុកអាហារឲ្យខ្ញុំជានិច្ច ពេលខ្លះបងបានអ្វីឆ្ងាញ់ ក៏បងទុកឲ្យខ្ញុំដែរ! ខ្ញុំសច្ចាថា ក្នុងមួយជីវិតនេះ ខ្ញុំត្រូវតែការពារ មើលថែ និងធ្វើល្អចំពោះបង!”
នៅចំពោះមុខភ្ញៀវកិត្តិយសដ៏ច្រើនកុះករ ខ្ញុំមិនអាចទប់ទឹកភ្នែកមិនឲ្យហូរបានឡើយ!
ពិតមែនហើយ ស្នេហាពិត គឺវាជាការគិតដល់មនុស្សជាទីស្រឡាញ់មុននឹងយេីងគិតដល់ខ្លួនឯង!
ស្នេហាពិតគឺជាការលះបង់ដេីម្បីអ្នកដែលយេីងស្រឡាញ់ ដោយប្រាសចាកផុតពីភាពអាត្មានិយម!
លោកអ្នកដឹងទេថា បងប្អូនរបស់យេីង គឺវាប្រៀបដូចជាមែកឈើដែលដុះចេញបែកពីគ្នា ក៏ប៉ុន្តែវាស្ថិតនៅលើដើមឈើតែមួយ ដែលមានឫសកែវរួមគ្នា គឺវាមានទងសុកតែមួយ ដូចនេះ យេីងត្រូវចេះស្រឡាញ់ និងជួយយកអាសាគ្នាទៅវិញទៅមក៕
និពន្ធដោយ គីរីដងរែក