28 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ទស្សនៈអ្នកអាន៖ «ឈឹម ស៊ីថរ រៀបរាប់ពីទុក្ខលំបាកនៅណាហ្គាវើលដ៏ តែទាមទារចង់ធ្វើការនៅក្រុមហ៊ុនណាហ្គាវើល?»

- Advertisement -spot_img

(ភ្នំពេញ)៖ វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់នៅពេលគេបានលឺការរៀបរាប់របស់នាង ឈឹម ស៊ីថរ អតីតប្រធានសហជីពនៅក្រុមហ៊ុនណាហ្គាវើលអំពីទុក្ខលំបាករបស់បុគ្គលិកកម្មករនៅក្រុមហ៊ុននេះ។ នៅក្នុងវេទិកាសាធារណៈមួយកាលពីថ្ងៃទី ១ឧសភា ឆ្នាំ ២០២២ ឈឹម ស៊ីថរ បានរៀបរាប់អំពីទុក្ខលំបាករបស់បុគ្គលិកណាហ្គាវើលដ៏ដែលត្រូវគេធ្វើបាប និងប្រើហិង្សាលើរាងកាយពីសំណាក់ភ្ញៀវ។

បើសិនជាស្តាប់ទៅ កន្លែងធ្វើការដែលបុគ្គលនោះបានរៀបរាប់ មិនគួរនឹងមានបុគ្គលិកណាចង់ទៅធ្វើការសោះឡើយ ហើយបុគ្គលិកទាំងអស់គួរតែលាឈប់ដើម្បីទៅរកកន្លែងធ្វើការថ្មី។ ប៉ុន្តែ ឈឹម ស៊ីថរ ភ្លេចគិតថា ខ្លួនកំពុងនិយាយជាន់កែងខ្លួនឯង។ សូមពិចារណាទៅលើចំណុចមួយចំនួនដូចខាងក្រោមនេះដើម្បីឆ្លុះបញ្ចាំងអំពីការនិយាយបំផ្លើស ឬអំពីកង្វះភាពឡូហ្សិកនៃសម្តីរបស់សកម្មជន នយោបាយឈឹម ស៊ីថរ៖

ទី១៖ ប្រសិនបើក្រុមហ៊ុនណាហ្គាវើលក្តី ឬក្រុមហ៊ុនណា មួយផ្សេងក្តីដែលធ្វើទុក្ខបុកម្នេញបុគ្គលិកបែបនេះ តើហេតុអ្វីបានជាឈឹម ស៊ីថរ ខ្លួនឯងនិងបុគ្គលិកទាំងនោះមិនព្រមឈប់ពីការងារដែលក្រុមហ៊ុនបានបញ្ឈប់ហើយបានផ្តល់សំណងត្រឹមត្រូវតាមច្បាប់ បែរជានៅតែក្រាញននៀលឡាំប៉ា ទាមទារឲ្យក្រុមហ៊ុនយកខ្លួនចូលធ្វើការវិញ? ការទាមទារនេះបានធ្វើឲ្យរាំងស្ទះដល់ដំណើរការចរចាដោះស្រាយវិវាទការងារជាច្រើនខែមកហើយ។ ម៉្យាងវិញទៀតការទាមទារដែលបង្ខំនិងគំរាមថៅកែឱ្យយកបក្ខពួកខ្លួនអោយចូលធ្វើការវិញ ហើយដែលមានលក្ខណៈផ្ទុយស្រឡះពីហេតុផលដែលខ្លួនបានបរិយាបែបនេះ ពិតជាបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា វាពិតជាល្បិចកលដើម្បីបិទបាំងរបៀបវារៈនយោបាយដែលនៅពីក្រោយខ្នងតែប៉ុណ្ណោះ។

ទី២៖ ពាក្យសម្តីរបស់ ឈឹម ស៊ីថរ គឺជាការបំផ្លើស បំប៉ោងខុសពីការពិតដើម្បីមួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ពីព្រោះសូមកុំភ្លេចថា មានបុគ្គលិករាប់ពាន់នាក់ដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុននេះ ហើយពួកគេទាំងនោះមិនដែលបានលើកអំពីបញ្ហាទាំងនេះទេ។ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏សុទ្ធតែសប្បាយចិត្តនឹងការងារ ហើយប្រាថ្នាចង់ធ្វើការងារបន្តក្នុងក្រុមហ៊ុននេះដោយគ្មានអ្នកណាចង់ឈប់ឡើយ លើកលែងតែក្រុមហ៊ុនបញ្ឈប់ដោយមូលហេតុផ្សេងៗដូចជាផលប៉ះពាល់ពីវិបត្តសេដ្ធកិច្ចសកល រឺ ជំងឺរាតត្បាតកូវីដ-១៩។ល។ នៅពេលក្រុមហ៊ុនបញ្ឈប់ បុគ្គលិកដែលបានយល់អំពីស្ថានការណ៍ និងយល់ច្បាប់បានសុខចិត្តឈប់ដោយទទួលបានសំណងយ៉ាងសមរម្យនិងត្រឹមត្រូវតាមច្បាប់ទាំងស្រុងទោះបីជាពួកគេសោកស្តាយការងារក៏ដោយ លើកលែងតែបុគ្គលិកមួយក្តាប់តូចដឹកនាំដោយសកម្មជននយោបាយ ឈឹម ស៊ីថរប៉ុណ្ណោះដែលមិនព្រមទទួលយកដំណោះស្រាយតាមផ្លូវច្បាប់ហើយបែរជាទាមទារចង់ចូលធ្វើការវិញ។

ទី៣៖ ឈឹម ស៊ីថរ ក៍បានរៀបរាប់អំពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរមានសមត្ថកិច្ចទៅលើក្រុមបាតុករដែលភាគច្រើនជាស្ត្រីដោយហៅព្រឹត្តិការណ៍នោះថាជា «ការធ្វើបាបស្ត្រី»។ តាមពិតសមត្ថកិច្ចគ្រាន់តែស្នើឲ្យក្រុមបាតុករទៅតវ៉ានៅទីលានប្រជាធិបតេយ្យ ដែលជាទីលានបង្កើតឡើងសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការប្រមូលផ្តុំតវ៉ា ស្របច្បាប់។ ប៉ុន្តែបាតុករដែលដឹកនាំដោយឈឹម ស៊ីថរមិនដែលស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយដោយនៅតែបន្តប្រមូលផ្តុំគ្នាតវ៉ាដោយខុសច្បាប់តាមទីសាធារណៈ ជាពិសេសនៅមុខក្រុមហ៊ុនដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់ដំណើរការរបស់ក្រុមហ៊ុន។ ដូច្នេះ សមត្ថកិច្ចក៏បានរៀបចំយករថយន្តទៅដឹកជញ្ជូនបាតុករទៅទីលានប្រជាធិបតេយ្យ តែមានបាតុករខ្លះមិនព្រមឡើងចង់ទៅទីលានប្រជាធិប្បតេយ្យនិងមិនព្រមឡើងលើរថយន្ត ក៏ត្រូវបានសមត្ថកិច្ចបង្ខំឲ្យឡើងរថយន្ត។ នេះមិនមែនជាការធ្វើបាបដូចដែលមេក្លោងបាតុកម្មខុសច្បាប់បានមួលបង្កាច់នោះទេ តែជាការប៉ះទង្គិចគ្នាបន្តិចបន្តួចដោយសារតែក្រុមបាតុករមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ។

ចំណុចខ្លះៗខាងលើនេះសបញ្ជាក់ថា សម្តីរៀបរាប់របស់ ឈឹម ស៊ីថរ គឺជាកលល្បិចសុទ្ធសាធ ប៉ុន្តែ វាក៍ជាកលល្បិច ដ៏រាក់កំភែលពេកដែលធ្វើឲ្យគេចាប់ចំណុចបានយ៉ាងងាយដោយសារតែការនិយាយមិនបានគិត និងនិយាយជាន់កែងខ្លួនឯង។ ពាក្យសម្តីដែលខ្វះភាពឡូហ្សិកនេះ មិនខុសអ្វីពីពាក្យចាស់បូរាណពោលថា «ស្តោះទឹកមាត់លើទ្រូងឯង» ឬក៏«ហែកទ្រូងឲ្យក្អែកចឹក» នោះឡើយ។

សរុបមកវិញ ការតវ៉ាក្រោមការញុះញង់ពង្វក់ដោយ ឈឹម ស៊ីថរ គឺជាល្បិចកលដើម្បីបិទបាំងរបៀបវារៈនយោបាយនៅពីក្រោយខ្នងដោយយកសហជីពធ្វើជាឈ្នាន់តែប៉ុណ្ណោះ។ ជាធម្មតា សហជីពបង្កើតឡើងដើម្បីការពារបុគ្គលិក កម្មករពីការជិះជាន់ឬការរំលោភសិទ្ធិពីសំណាក់និយោជក និងជួយដោះស្រាយវិវាទការងារតាម ច្បាប់ស្តីពីការងារ។ ប៉ុន្តែអ្វីដែល ឈឹម ស៊ីថរ បាននិងកំពុងដឹកនាំធ្វើ គឺខុសពីនេះទាំងស្រុងដោយសារម្យ៉ាង ឈឹម ស៊ីថរ មិនទទួលយកដំណោះស្រាយតាមច្បាប់ការងារ ហើយទាមទារនូវអ្វីដែលមិនសមហេតុផល និងម្យ៉ាងទៀត ប្រសិនបើគេជឿលើ សម្តីរៀបរាប់របស់ឈឹម ស៊ីថរ គឺសកម្មជននយោបាយរូបនេះកំពុងដឹកនាំការតវ៉ាឲ្យបុគ្គលិកទៅធ្វើការនៅកន្លែងដែលគេជិះជាន់ទៅវិញ ពីព្រោះខណៈដែលខ្លួនខំរៀបរាប់អំពីទុក្ខលំបាករបស់បុគ្គលិកដែលធ្វើការនៅក្រុមហ៊ុនណាហ្គាវើលដ៏ តែបែរជាកំពុងដឹកនាំទាមទារឲ្យក្រុមហ៊ុន ដដែលនេះទទួលយកបុគ្គលិក ចូលធ្វើការវិញ? «តើឯណាទៅភាពឡូហ្សិកនៃការតវ៉ា???»

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img