ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិនដែលបើកធ្វើនៅថ្ងៃទី ២២ ខែមីនា លោក Li Qiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជានាយករដ្ឋមន្ត្រីចិន លោក Han Wenxiu អនុប្រធានការិយាល័យនៃគណៈកម្មាធិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មមជ្ឈិមចិនទទួលបន្ទុកងារប្រចាំថ្ងៃ និងជាប្រធានការិយាល័យនៃក្រុមដឹកនាំការងារជនបទមជ្ឈិមចិន ព្រមទាំងភ្ញៀវកិត្តិយសផ្សេងទៀត បានថ្លែងសុន្ទរកថាគន្លឹះជុំវិញផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ដែលបានបង្ហាញនូវការបេ្តជ្ញាចិត្តដ៏មុតមាំរបស់ចិនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយពិភពលោក ហើយបានប្រមូលផ្តុំគំនិតឯកភាពរួមយ៉ាងទូលំទូលាយសម្រាប់ការអភិវឌ្ឍក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ។

ថ្លែងក្នុងសុន្ទរកថា លោក Li Qiang បានលើកឡើងថា ពិតណាស់ ផ្លូវទៅមុខពោរពេញទៅដោយបញ្ហាប្រឈម ប៉ុន្តែអនាគតដ៏ល្អបវរកាន់តែគួរឱ្យរំពឹងទុក មានតែមានជំនឿចិត្តដ៏រឹងមាំ ទទួលបន្ទុកកាតព្វកិច្ចនិងធ្វើសកម្មភាពយ៉ាងប្រាកដប្រជា ទើបអាចឆ្ពោះទៅមុខយ៉ាងអង់អាចក្លាហាន ។ លោកបានគូសបញ្ជាក់ថា ប្រទេសចិនខិតខំប្រឹងប្រែងធ្វើជា“មូលដ្ឋានគ្រឹះនៃភាពប្រាកដប្រជា” និងជា “កំពង់ផែដ៏មានស្ថិរភាព”របស់ពិភពលោក គោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ជាផែនការគោលថ្មីសម្រាប់ការអភិវឌ្ឍចិន ហើយក៏ជាកាលានុវត្តភាពថ្មីរបស់ការអភិវឌ្ឍសកលទៀតផង ។ ប្រទេសចិននឹងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ខំប្រឹងប្រែងរក្សាកំណើរដ៏នឹងនរផ្នែកសេដ្ឋកិច្ច ព្រមពេលជាមួយគ្នានេះ បន្តបង្កើតបរិយាកាសប្រកបអាជីវកម្មដ៏ល្អប្រសើរ អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវការផ្តល់ការអនុគ្រោះដល់សហគ្រាសទុនបរទេសឱ្យដូចគ្នានឹងសហគ្រាសចិន ដើម្បីធ្វើឱ្យសហគ្រាសបរទេសប្រកបអាជីវកម្មនៅចិនដោយស្ងប់ចិត្ត និងទទួលបានការអភិវឌ្ឍយ៉ាងល្អ ។
ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ បានផ្តោតសំខាន់ទៅលើទិសដៅអភិវឌ្ឍដ៏សំខាន់ចំនួន៦វិស័យ រួមមាន ប្រកាន់ខ្ជាប់ការអភិវឌ្ឍប្រកបដោយការច្នៃប្រឌិតថ្មី ជំរុញឱ្យការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យានិងការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ ប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយភាពស៊ីសង្វាក់គ្នា ត្រួសត្រាយសក្តានុពលនៃសេដ្ឋកិច្ចប្រទេសធំ ជំរុញភាពស៊ីសង្វាក់គ្នារវាងការអភិវឌ្ឍនៅទីក្រុងនិងជនបទ ពង្រឹងសក្តានុពលនៃការប្រើប្រាស់ ប្រកាន់ខ្ជាប់ការអភិវឌ្ឍបៃតង ពន្លឿនការធ្វើបរិវត្តកម្មបៃតង ខិតខំប្រឹងប្រែងឱ្យសម្រេចបាននូវគោលដៅ “កាបូនពីរ” ដើម្បីរួមចំណែកក្នុងការគ្រប់គ្រងអាកាសធាតុសកល ប្រកាន់ខ្ជាប់ការអភិវឌ្ឍនិងបើកទូលាយ បន្តពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ រួមគ្នាចែករំលែកកាលានុវត្តភាពទីផ្សារដ៏ធំធេង ប្រកាន់ខ្ជាប់ការចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍ ផ្តោតសំខាន់លើសុខុមាលភាពរបស់ប្រជាជន ជំរុញភាពសម្បូរសប្បាយរួម ។

មហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលទើបបានបញ្ចប់ បានពិនិត្យពិភាក្សានិងអនុម័តលើរបាយការណ៍ការងាររដ្ឋាភិបាលចិនឆ្នាំ២០២៦ និងគោលការណ៍សំខាន់នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ បានកំណត់យ៉ាងច្បាស់លាស់នូវគោលដៅនិងគោលនយោបាយសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចិននៅឆ្នាំនេះនិងរយៈពេល៥ឆ្នាំខាងមុខ ប្រទេសចិនបាននិងកំពុងជំរុញយ៉ាងសកម្មនូវការធ្វើបរិវត្តកម្មរូបមន្តកំណើនសេដ្ឋកិច្ច លើកកម្ពស់គុណភាពនិងនិរន្តរភាពរបស់កំណើនក្នុងបរិបទដែលភាពមិនប្រាកដប្រជាសកលបានកើនឡើង ប្រទេសចិននឹងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនសំខាន់នៃកំណើនសេដ្ឋកិច្ចសកលតាមរយៈទំនួលខុសត្រូវនិងក្តីអង់អាចក្លាហាន ក្នុងន័យនាំមកនូវកម្លាំងចលករកំណើននិងកម្លាំងលំនឹងយ៉ាងខ្លាំងក្លាដល់ពិភពលោក រួមសហការជាមួយបណ្តាភាគីនានាដើម្បីជំរុញឱ្យសេដ្ឋកិច្ចសកលអភិវឌ្ឍទៅរកទិសដៅកាន់តែប្រកបដោយភាពបើកទូលាយ បរិយាបន្ននិងតុល្យភាព ៕
ដោយគិរីដងរែក




