(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារសាងសង់កំពង់ផែរណបពហុបំណង TS១១ របស់កំពង់ផែស្វយ័តភ្នំពេញ ដែលមានទីតាំងស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ៥ គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាភិបាល មន្រ្តី បុគ្គលិក កម្មករ។
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-26_20-44-59-1024x682.jpg)
ថ្លែងនាឱកាសនោះទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែវ កំពត កែប មានចម្ងាយ១៦៨គីឡូម៉ែត្រ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើការសិក្សាការស្ដារផ្លូវទឹក និងពិនិត្យមើលលទ្ធភាពធ្វើផ្លូវទឹកនេះថាធ្វើបាន ឬមិនបាន។
លោកទេសរដ្ឋមន្ត្រីគូសបញ្ជាក់ថា ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបបន្ថែមនេះ គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេ ទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកា ក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកកាន់តែច្រើនផងដែរ។
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-26_20-45-03-1024x682.jpg)
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំណតផែរណបពហុបំណង TS១១ គឺជាការវិនិយោគរវាងកំពង់ផែស្វយ័តភ្នំពេញ (ភាគទុន៥១%) និងក្រុមហ៊ុន PTLS Co., LTD (ភាគទុន៤៩%) ដោយចំណាយទឹកប្រាក់សាងសង់ប្រមាណ១២លានដុល្លារអាមេរិក។ គិតមកដល់ពេលនេះ ការសាងសង់សម្រេចបានជារួមប្រមាណ ៨៥% ដោយគ្រោងបញ្ចប់ការសាងសង់នៅចុងខែមិថុនា និងបើកឱ្យដំណើរការប្រើប្រាស់កំឡុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដែលអាចផ្ទុកទំនិញបានពី ៦ម៉ឺន ទៅ ៩ម៉ឺន TEUs ក្នុង១ឆ្នាំ។
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-26_20-45-19-1024x682.jpg)
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ការរៀបចំផែនការស្ដារផ្លូវទឹកទន្លេបាសាក់ ក៏ដូចជាការរៀបចំរបស់កំពង់ផែស្វយ័តភ្នំពេញ គឺជាជំហានមួយ ដែលជួយបង្កើនការដឹកជញ្ជូននៅតាមផ្លូវទឹកឱ្យបានច្រើន ហើយការសាងសង់ពង្រីកផែរណបមួយចំនួនទៀតនេះគឺ ជាជំហានដ៏ធំមួយ ដែលជួយបង្កើនការដឹកជញ្ជូនតាមផ្លូវទឹកឱ្យបានច្រើន និងពង្រីកវិស័យភស្តុភារកម្ម របស់កម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់។
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-26_20-45-16-1024x682.jpg)
លោករដ្ឋមន្ត្រីបានអះអាងទៀតថា គម្រោងប្រព័ន្ធផ្លូវទឹក និងភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ការអភិវឌ្ឍពហុវិស័យដូចជា៖ លើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនអន្តរកម្មដែលចុះសម្រុងគ្នា និងរួមបញ្ចូលគ្នាជាមួយមជ្ឈមណ្ឌលដឹកជញ្ជូន តំបន់ពាណិជ្ជកម្ម កសិកម្ម ប្រព័ន្ធធារាសាស្រ្ត ឧស្សាហកម្ម ទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។ គម្រោងនេះក៏នឹងជួយជំរុញ និងពន្លឿនការអភិវឌ្ឍនគរូបនីយកម្មទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅកម្ពុជា និរន្តរភាពកំណើនម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស ព្រមទាំងពន្លឿនការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនកម្ពុជាផងដែរ៕
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-26_20-45-13-1024x682.jpg)
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-26_20-45-10-1024x682.jpg)
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-26_20-45-07-1024x682.jpg)
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-26_20-45-26-1024x682.jpg)
![](https://kiridangrek.com/wp-content/uploads/2022/04/photo_2022-04-26_20-45-30-1024x682.jpg)
ដោយ គីរីដងរែក