26 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ៖ ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹក ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី

- Advertisement -spot_img

នៅថ្ងៃសៅរ៍ ទី១៧ ខែ​សីហា ឆ្នាំ​២០២៤នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួងធនធានទឹក និង​ឧតុនិយម​ អមដំណើរដោយឯកឧត្តម​ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និង​មន្ទីរធនធានទឹក និង​ឧតុនិយមខេត្ត​មណ្ឌលគិរី​ រួមជាមួយ​ឯកឧត្តម​ ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង​មន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព​គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់​ពហុវិស័យក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមនៃ​​​​​ប្រព័ន្ធទំនប់អាងទឹកអូរតេ និង​ទំនប់លើទំនប់ក្រោម ក្នុងភូមិសាស្ត្រ ​ក្រុងសែនមនោរម្យ​ និងស្រុកអូរាំង​ ខេត្តមណ្ឌលគិរី។​

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ទំនប់​អាងទឹកដ៏ធំទាំងពីរនេះ គឺ​ជាផែនការមេដ៏សំខាន់របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ បម្រើដល់សេចក្តីត្រូវការរបស់​ខេត្តក្នុងតំបន់ភូមិភាគឦសានដែល​រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយ​បណ្តា​អាង​ទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ផងដែរ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសានបង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្ម​ និងបង្កើតបាន​នូវបរិស្ថានបៃតង​គ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ​ ឯកឧត្តមរដ្ឋមន្ត្រី​ និង​គណៈប្រតិភូ រួមជាមួយអាជ្ញាធរមូលដ្ឋាន​ បានអញ្ជើញចុះពិនិ្យវឌ្ឍនភាពការងារនៅតាមទំនប់អាងទឹកដូចជា​៖ ទី១)ទំនប់អាងទឹកអូរតេ ស្ថិតក្នុងស្រុកអូរាំង មានទំនប់ស្ទាក់ទឹក​បេតុងប្រវែង​ ៣០៦ម៉ែត្រ​​​ ទី២)​អាងទឹកទំនប់លើ ស្ថិតក្នុងក្រុងសែនមនោរម្យ​ ដែលមាន​ទំនប់អាងប្រវែង​ ៧៩៩ម៉ែត្រ​ និង​ទី៣) អាងទឹកទំនប់ក្រោម​ ស្ថិតក្នុងក្រុងសែនមនោរម្យ​ ដែលមានទំនប់អាងប្រវែ​ង​ ១៤៨០ម៉ែត្រ​។

សូមបញ្ជាក់ថា​ ក្រោម​កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ​ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍ពហុវិស័យកសាងប្រព័ន្ធទំនប់អាងទឹកអូរតេ និង​​អាងទឹក​ទំនប់លើទំនប់ក្រោម ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួនប្រមាណ​ ១២​លានម៉ែត្រគូប​ និង​ជាប្រភព​ទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសាន​​ប្រទេសកម្ពុជា​ ក្នុង​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម៕

អត្ថបទដោយមេភូមិជ្រៃមាស

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img