កំពង់ស្ពឺៈ សម្ថកិច្ចជំនាញខេត្តកំពង់ស្ពឺកំពុងតែធ្វើការសាកសួរនារីខារ៉ាអូខេមិនទាន់គ្រប់អាយុ និងអ្នកពាក់ព័ន្ធជាង ១០នាក់ ក្រោយពីបានឆ្មក់ចូលបង្រ្កាប ហើយរំដោះនារីទាំងនោះចេញពីទីតាំងខារ៉ាអូខេ ១កន្លែងនៅក្នុងស្រុកសំរោងទង។
កាលរសៀលថ្ងៃទី៨ ខែសីហានេះនរគបាលជាតិបានឆ្មក់ចូលបង្រ្កាបនៅទីតាំងខារ៉ាអូខេ យីហោ បុប្ផាថ្មី ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំពីលោកស្រីឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងសម្របសម្រួលនីតិវិធី ដោយលោក ចក សម្បត្តិ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ដ។
«កម្លាំងផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបើកប្រតិបត្ដិការឆ្មក់ចូលបង្រ្កាបរំដោះនារីក្មេងៗមិនទាន់គ្រប់អាយុនៅក្នុងទីតាំងខារ៉ាអូខេ…ជាក់ស្តែង ទីតាំងខាងលើ សមត្ថកិច្ចរកឃើញថាពិតជាបានទទួលយកនារីក្មេងៗ មិនទាន់គ្រប់អាយុ ឱ្យចូលមកបម្រើការនៅទីតាំងខារ៉ាអូខេពិតប្រាកដមែន និងអាចមានការសង្ស័យលួចអនុញ្ញាតឱ្យផ្ដល់សេវារួមភេទដល់ភ្ញៀវផងដែរ»។ នេះបើយោងតាមនគរបាលជាតិ។ កម្លាំងសមត្ថកិច្ចនគរបាលបានសាកសួរលើបុគ្គលសង្ស័យទាំង ៥ ដើម្បីរកឱ្យឃើញអ្នកទទួលខុសត្រូវ និងបន្ដចំណាត់ការទៅតាមនីតិវិធីច្បាប់។
លោកស្រី ងិន សុគន្ធា បានឱ្យដឹងនៅថ្ងៃទី៩ ខែសីហាថា នារីខារ៉ាអូខេ និងមនុស្សទាំង ៥នាក់នោះផងកំពុងតែត្រូវបានធ្វើការសាកសួរនៅឡើយរហូតមកដល់នឹងពេលនេះ។ ជាទូទៅ ក្រោយពេលរំដោះ នារីៗត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត។ លោកស្រីបញ្ជាក់ថា៖ «ឥឡូវព្រះរាជអាជ្ញាកំពុងតែសួរគាត់សិន។ ខាងនារីៗបើគាត់ចង់ធ្វើការងារអី ខាងសង្គមកិច្ចនឹងរកការងារឱ្យធ្វើ [ដូចជា] ការងាររោងចក្រ»៕
ដោយគិរីដងរែក