27 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

ឃាត់ខ្លួន​ជនសង្ស័យជាង ​១០ ០០០​នាក់​ក្នុងពេល៦ខែនឹងសមត្ថកិច្ច​រឹបអូសសារធាតុញៀនបាន​ជាង​៥តោន នៅក្នុងបទល្មើសចំនួន ៤៧១៨ ករណី

- Advertisement -spot_img

អាជ្ញាធរ​ថ្នាក់ជាតិ និង​​ក្រោម​ជាតិ​ បាន​បង្ក្រាប​​បទ​ល្មើស​គ្រឿងញៀន​ចំនួន ​៤ ៧១៨​ករណី និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ ​១១ ៧៨០​នាក់ ក្នុង​នោះ​មាន​ស្រ្តី​៩៤៥​នាក់​។ ថ្នាំ​ញៀន​ប្រហែល​៥តោន និង​គ្រឿ​ផ្សំ​សារធាតុ​ញៀន​ចំនួន​២២៥​គីឡូក្រាមត្រូវ​បាន​រឹបអូស ក្នុង​ឆមាស​ទី​១ ឆ្នាំ២០២៤​។ នេះ​បើ​តាម​លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន(NACD)​ ផ្ដល់​បទ​សម្ភាសន៍​ដល់​ គិរីដងរ៉ែក​។​

បើ​ធៀប​នឹង​​ឆ្នាំ២០២៣ ចំនួន​នេះ​នៅ​តែ​ខ្ពស់ ដែល​មាន​​ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​បរិមាណ​សរុប​ក្នុង​ឆ្នាំ​២០២៣។ ខណៈដែលសង្គម​ស៊ីវិល​មើល​ឃើញ​ថា​បញ្ហា​ថ្នាំញៀន​កំពុង​ក្លាយ​ជា​បញ្ហា​ធំ​មួយ​នៅក្នុងសង្គមកម្ពុជា។​

របាយការណ៍​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនក្នុង​ឆ្នាំ​២០២៣​ បានបង្ហាញថា អាជ្ញាធរ​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​សរុប​ចំនួន​៨០៦៣​ករណី និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​២០ ០០២​នាក់។ ថ្នាំញៀន​ខុសច្បាប់​ជាង​បី​តោន​ត្រូវ​រឹប​អូស និង​ថ្នាំ​ជាង​៣៤៧​តោន និង​សារធាតុ​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​១ ០២៧ គ្រាប់ត្រូវ​បាន​ដុត​បំផ្លាញ​។​ យុទ្ធសាស្រ្ត​ប្រឆាំង​គ្រឿង​ញៀន​របស់​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រួម​មាន​កាត់បន្ថយ​​តម្រូវការ និង​ការ​ផ្គត់ផ្គង់ ពង្រឹង​ការ​ព្យាបាល ស្ដារនីតិសម្បទា សមាហរណកម្ម និង​ការអនុវត្ត​ច្បាប់ ក៏​ដូចជា​ពង្រីក​កិច្ច​សហប្រតិបត្តិការអន្តរជាតិ និង​ពង្រឹង​យន្តការ​ពហុវិស័យ​នៅ​កម្រិត​ថ្នាក់​ក្រោម​ជាតិ​។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ធ្វើ​ឡើង​ចំនួន​ ៥៥ ៣០៥​ដង ក្នុង​នោះ​មនុស្ស ​១២០ ៣០៧​នាក់​ត្រូវ​ឃាត់​ខ្លួន និង​ថ្នាំញៀន​ ២៧ ៦៤១គីឡូក្រាម​ត្រូវ​បាន​រឹប​អូស​។ មន្ត្រី​អនុវត្ត​ច្បាប់​ក៏​បាន​ដក​ហូត​សារធាតុ​គីមី ៥២ ០០៥​គីឡូក្រាម ​សម្ភារ និង​បរិក្ខា​មួយ​ចំនួន​ផង​ដែរ នៅ​ឆ្នាំ​២០១៧ និង​២០២៣។ ក្នុង​រយៈ​ពេល​ដូចគ្នានេះ សមត្ថកិច្ច​បាន​ស៊ើប​អង្កេត និង​បង្ក្រាប​សម្បុកជនសង្ស័យចំនួន៤៣៥ កន្លែង ចាប់​មេខ្លោង១៦៤នាក់ និងសមាជិកបណ្តាញ៨១១នាក់ និងបាន​រៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។

អ្នកនាំពាក្យ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក អ៊ិន សុង ប្រាប់​គិរិដងរ៉ែក​ថា​ អាជ្ញាធរ​បាន​ប្រើ​ប្រាស់​វិធានការ​ជា​ច្រើន​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន ក្នុង​នោះ​រួម​មាន​សហការជាមួយ​ប្រទេស​ក្នុង​តំបន់ ជាពិសេស​ប្រទេស​ជាប់​ព្រំ​ដែន​ដើម្បី​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​។​

លោក​បានថ្លែងថា៖ «ពីខែមករាដល់ខែ​ក្កដា​ក្នុង​ឆ្នាំនេះ សំណុំរឿង [ថ្នាំញៀន] ធំៗ​ចំនួន​៧៧ ត្រូវ​បំបែក»។ លោក​បន្ថែមថា​ករណី​សរុប​មាន ​៥ ២២០ ត្រូវ​បាន​កត់ត្រា និង​មាន​ជនសង្ស័យ​១២ ៦០៥​នាក់​ត្រូវ​ឃាត់​ខ្លួន​។​

លោក​ ប៉ា ចន្ទរឿន ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បានលើកឡើងថា​ ថ្វីបើមាន​ការ​​បង្ក្រាប​ការជួញដូរ និង​ការ​ប្រើ​ប្រាស់​ថ្នាំញៀន​នៅ​កម្ពុជា​ទំនង​ជា​មិន​ថយ​ចុះច្រើន​នោះទេ។ ដូច្នេះអាជ្ញាធរ​ត្រូវ​ខិត​ខំ​បង្ក្រាប​ និង​ទប់​ស្កាត់​ការជួញ​ដូរ​បន្ថែម​ទៀត​។​

លោក​បន្ថែម​ថា ​បញ្ហាថ្នាំញៀន​គឺ​ជា​បញ្ហា​មាន​យូរ​មក​ហើយ និង​ពិបាក​ដោះស្រាយ ​ជា​បទល្មើស​ឆ្លងដែន និង​កើត​ឡើង​ដោយសារ​កត្តា​មួយ​ចំនួន​។ យ៉ាងណា លោក​ថា ការ​ប្រើ​ប្រាស់​បទ​ពិសោធន៍​របស់​ប្រទេស​ដទៃ អាជ្ញាធរ​ត្រូវធានាថា​កម្លាំងអនុវត្តច្បាប់ «ត្រូវ​តែស្អាតស្អំ» ដើម្បី​ទប់ស្កាត់​ថ្នាំញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​។​

លោក​បន្ថែមថា៖ «​ការធ្វើតេស្តទៅលើមន្ត្រីរាជការស៊ីវិល និង​កងកម្លាំង​ប្រដាប់អាវុធ​​ជា​វីធី​ទប់​ស្ដាត់គ្រឿញៀន និង​ជា​វិធានការ​ចាំ​បាច់​ក្នុង​ការធានាពី​ភាព​ស្អាត​ស្អំ​របស់​មន្ត្រី​អនុវត្ត​ច្បាប់»។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img