រំញ័រដីតិចតួចបានកើតឡើងនៅក្នុងខេត្តរតនគិរីកាលពីថ្ងៃអាទិត្យមុន បន្ទាប់ពីមានបាតុភូតរញ្ជួយដីកម្រិត៥,១រិច្ឆទ័រមួយនៅខេត្តក្បែរខាងក្នុងប្រទេសវៀតណាម ដែលនាំឱ្យកើតមានក្ដីកង្វល់ក្នុងចំណោមអ្នកស្រុកអំពីការត្រៀមលក្ខណៈរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍រញ្ជួយដីដែលស្រដៀងគ្នានេះ ។
សារព័ត៌មានក្នុងស្រុករបស់វៀតណាមបានរាយការណ៍ថា វាជាបាតុភូតរញ្ជួយដីដ៏ខ្លាំងក្លាបំផុតដែលមិនធ្លាប់មានកត់ត្រាពីមុនមកនៅក្នុងតំបន់នេះ ដោយស្នូលកណ្ដាលនៃការរញ្ជួយដីនេះស្ថិតនៅក្នុងស្រុកជនបទមួយនៃតំបន់កូនទុម និងមានជម្រៅ ៨,១គីឡូម៉ែត្រ ។ នេះជាការរញ្ជួយដីមួយដែលមានកម្រិតធ្ងន់គួរសម ដោយការរំញ័រខ្លាំងបំផុតកើតឡើងនៅក្បែរតំបន់ស្នូលកណ្ដាល ប៉ុន្តែ ពុំមានសេចក្ដីរាយការណ៍ពីការខូចខាតឡើយ ទាំងនៅវៀតណាមក្ដី នៅកម្ពុជាក្ដី ។
ខណៈកម្ពុជាត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានហានិភ័យទាបពីការវាយប្រហារត្រង់ៗដោយគ្រោះរញ្ជួយដី ផែនការសកម្មភាពឆ្លើយតបគ្រោះមហន្តរាយរបស់ប្រទេសនេះពុំមានវិធានការជាក់លាក់សម្រាប់បាតុភូតរញ្ជួយដីឡើយ ។ ប្រជាពលរដ្ឋបានចាប់ផ្ដើមសម្ដែងការព្រួយបារម្ភអំពីអវត្តមាននៃប្រព័ន្ធប្រាប់ឱ្យដឹងមុន និងផែនការឆ្លើយតបច្បាស់លាស់ពីអាជ្ញាធរសម្រាប់ព្រឹត្តិការណ៍រញ្ជួយដីដែលធ្ងន់ធ្ងរជាងនេះ បើទោះបីទីភ្នាក់ងាររដ្ឋាភិបាលបានបញ្ជាក់ពីភាពចាំបាច់ដែលត្រូវលើកកម្ពស់ការយល់ដឹង នៅក្រោយករណីរំញ័រដីកាលពីថ្ងៃអាទិត្យក្ដី ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ដែលជាទីភ្នាក់ងាររដ្ឋាភិបាលមើលខុសត្រូវទៅលើការត្រៀមលក្ខណៈ ការឆ្លើយតប និងកិច្ចខិតខំស្ដារសម្រាប់គ្រោះមហន្តរាយ បានលើកឡើងថា នេះជាលើកទីមួយហើយដែលកម្ពុជាបានជួបប្រទះរំញ័រដីគួរឱ្យកត់សម្គាល់ដែលជាចំហាយពីរញ្ជួយដីនៅប្រទេសវៀតណាម ។
លោកបានបន្តថា ទោះបីការរញ្ជួយដីមិនបានកើតនៅក្នុងប្រទេសកម្ពុជាក្ដី រំញ័រដែលកើតឡើងក្នុងចម្ងាយតិចជាង ២០០គីឡូម៉ែត្រពីចំណុចរញ្ជួយដី បង្ហាញថា ការរញ្ជួយដីដែលចេញពីតំបន់ឦសាននៃប្រទេសកម្ពុជាមិនមែនថាមិនអាចទៅរួចនោះទេ ។
អង្គការ Global Earthquake Model Foundation ដែលជាស្ថាប័នជំនាញខាងវាយតម្លៃហានិភ័យរញ្ជួញដីនៅជុំវិញពិភពលោក បានកំណត់ខេត្តភាគឦសានប្រទេសកម្ពុជា ជាពិសេស ខេត្តរតនគិរី និងមណ្ឌលគិរី ជាតំបន់ដែលពាក់ព័ន្ធនឹងរញ្ជួយដីសកម្មបំផុតនៅក្នុងប្រទេសកម្ពុជា ។ ដោយសារតែស្ថានភាពថ្មរបស់ខេត្តទាំងនេះ និងចម្ងាយរបស់វាជិតទៅនឹងតំបន់កូនទុមដែលងាយនឹងកើតរញ្ជួយដី ខេត្តទាំងនេះត្រូវបានគេចាត់ទុកថាជាខេត្តដែលងាយរងគ្រោះបំផុតពីចលនាដីខ្លាំងក្លាក្នុងករណីកើតមានបាតុភូតរញ្ជួយដី ។
ប៉ុន្តែ ទោះជាយ៉ាងណា កម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសដែលមានប្រូបាប៊ីលីតេទាបសម្រាប់ការវាយប្រហារដោយត្រង់ពីរញ្ជួយដី ។ យោងតាម ThinkHazard ជាឧបករណ៍អនឡាញសម្រាប់វាយតម្លៃគ្រោះមហន្តរាយធម្មជាតិ និងដែលបង្កើតឡើងដោយកម្មវិធីកាត់បន្ថយនិងស្តារគ្រោះមហន្តរាយពិភពលោក ឱកាសមានតែ ២% ប៉ុណ្ណោះសម្រាប់ការកើតបាតុភូតរញ្ជួយដីនៅក្នុងព្រំដែននៃប្រទេសកម្ពុជា ក្នុងរយៈពេល ៥០ឆ្នាំទៅមុខ ។
ទោះបីដូច្នេះក្ដី ការត្រៀមលក្ខណៈ ការឆ្លើយតប និងការស្ដារសម្រាប់ខេត្តដែលមានលក្ខខណ្ឌរញ្ជួយដីសកម្មក្នុងអំឡុងពេលព្រឹត្តិការណ៍រញ្ជួយដី ដូចករណីរលករំញ័រដីកាលពីសប្ដាហ៍មុន ពុំមានលក្ខណៈច្បាស់លាស់ឡើយ ។
បន្ទាប់ពីផ្ដល់សម្ភាសន៍ដំបូងជាមួយ គិរីដងរ៉ែកបន្ទាប់មក លោក គឹមកុលមុនី ពុំបានឆ្លើយតបភ្លាមៗចំពោះសំណួរបន្ថែមអំពីថាតើ NCDM មានផែនការដូចម្ដេចខ្លះដើម្បីការពារប្រជាជន ឬទប់ស្កាត់ និងគ្រប់គ្រងភាពចលាចលក្នុងអំឡុងពេលរញ្ជួយដី ។
បើទោះបីតំបន់របស់ពួកគេមានលទ្ធភាពនៃការកើតមានរញ្ជួយដីផ្ទាល់ទាបបំផុតក្ដី ប្រជាពលរដ្ឋនៅខេត្តរតនគិរី បានបង្ហាញពីការយល់ដឹងអំពីសេណារីយ៉ូរញ្ជួយដីដ៏មហន្តរាយដែលអាចកើតមាន និងបានចោទសួរអំពីការត្រៀមលក្ខណៈរបស់អាជ្ញាធរមូលដ្ឋានដើម្បីកាត់បន្ថយហានិភ័យ ។
ដោយគិរីដងរែក