(ភ្នំពេញ)៖ អតីតក្រុមយុវជនស្នូលនៃគណបក្សប្រជាជនកម្ពុជា ហៅក្រុម២២ ប្រមាណ៦០នាក់ បានជួបជុំគ្នាពិសាអាហារសាមគ្គីជាមួយគ្នា ដើម្បីជាការរំឭកអនុស្សាវរីយ៍នៃការខិតខំប្រឹងប្រែងតស៊ូអនុវត្តតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្កើនទំនាក់ទំនងគ្នាឱ្យកាន់តែស្អិតល្មួតថែមទៀត ក្នុងគោលដៅបម្រើប្រជាជននិងប្រទេសជាតិឱ្យកាន់តែមានប្រសិទ្ធភាព។
ពិធីជួបជុំក្រុម២២មកពីជំនាន់ផ្សេងៗគ្នានេះ ធ្វើឡើងនាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅភោជនីយដ្ឋាន សេង ហុកហេង ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលផ្តួចផ្តើមរៀបចំឡើងដោយលោក ឡេង ចាន់វិរៈ ប្រកបដោយបរិយាកាសសប្បាយរីករាយស្និទ្ធស្នាលគ្នាក្រៃលែង។
ពិធីខាងលើនេះឃើញមានវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីរាជការមុខតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងខេត្ត អភិបាលខណ្ឌ ស្រុក និងមន្ត្រីមកពីស្ថាប័នផ្សេងគ្នាច្រើនរូបទៀត។ អ្នកចូលរួមគ្រប់គ្នាបានគាំទ្រនូវការលើកឡើងថា សុំឱ្យមានការជួបជុំគ្នាបែបនេះឱ្យបានមួយឆ្នាំម្តង។
អតីតក្រុមយុវជនស្នូលនៃគណបក្សប្រជាជនកម្ពុជា (ក្រុម២២) នេះបច្ចុប្បន្នអ្នកខ្លះបាននិងកំពុងកាន់ដំណែងជារដ្ឋមន្ត្រី ឯកអគ្គរាជទូត រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា អគ្គនាយក អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាននៅតាមក្រសួងស្ថាប័ន និងជាអភិបាល អភិបាលរងរាជធានី-ខេត្ត ប្រធាន-អនុប្រធានមន្ទីរ អភិបាល-អភិបាលរងខណ្ឌ-ស្រុក នៅក្មុងជួររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងនៅក្នុងជួររាជរដ្ឋាភិបាលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានាយទាហាន ជាមេធាវី ជាអ្នកជំនួញ ជាប្រធាន-អនុប្រធានគណកម្មការផ្សារ និងមួយចំនួនទៀតបម្រេីការក្នុងវិស័យឯកជន។
គួររំលឹកថា ក្រុមយុវជនស្នូលគណបក្សប្រជាជនកម្ពុជា ហៅក្រុម២២ ត្រូវបានបង្កើតឡើងនៅក្នុងទសវត្សឆ្នាំ១៩៩០៕
ដោយគិរីដងរែក