ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយមេដឹកនាំធុរកិច្ចអាមេរិក នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី២៧ ខែមីនា ខណៈរដ្ឋាភិបាលចិនព្យាយាមទាក់ទាញអ្នកវិនិយោគបរទេស ឱ្យត្រឡប់មកប្រទេសវិញ ហើយក្រុមហ៊ុនអន្តរជាតិស្វែងរកការធានាឡើងវិញលើបទប្បញ្ញត្តិថ្មី។ ទីក្រុងប៉េកាំងចង់ជំរុញកំណើននៅឆ្នាំនេះបន្ទាប់ពីការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ប្រទេសចិនបានធ្លាក់ចុះ 8% ក្នុងឆ្នាំ2023 ដោយសារការព្រួយបារម្ភរបស់អ្នកវិនិយោគចំពោះច្បាប់ប្រឆាំងចារកម្ម ការ ហាមប្រាមការចាកចេញ និងការវាយឆ្មក់លើក្រុមហ៊ុនប្រឹក្សាយោបល់ និងក្រុមហ៊ុនឥណទានខ្លះទៀត។

ការបង្កើនការយកចិត្តទុកដាក់របស់ប្រធានាធិបតី Xi លើសន្តិសុខជាតិបានធ្វើឱ្យក្រុមហ៊ុនជាច្រើន មិនប្រាកដប្រជាថា តើពួកគេអាចឈានជើងចេញពីបន្ទាត់នេះបានឬទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Xi បាននិយាយថា”ប្រវត្តិសាស្ត្រនៃទំនាក់ទំនងចិន-អាមេរិក គឺជាប្រវត្តិសាស្ត្រ នៃការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជនទាំងពីរ” ខណៈលោកអំពាវនាវឱ្យប្រទេសទាំងពីរ “ស្វែងរកចំណុចរួម និងបង្កើតការឯកភាពគ្នាបន្ថែមទៀត”។ អាមេរិក និងចិនបាននិងកំពុងបន្តទំនាក់ទំនង ជាបណ្តើរៗបន្ទាប់ពីបានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដោយមានការប៉ះទង្គិចគ្នា ជុំវិញគោលនយោបាយពាណិជ្ជកម្មអនាគតនៃការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យរបស់តៃវ៉ាន់ និងការទាមទារទឹកដីនៅសមុទ្រចិនខាងត្បូង។
ប្រភពមួយបាននិយាយថា ក្រុមហ៊ុនប្រហែល 20 ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការជួបជុំកាលពីថ្ងៃពុធដែលបានដំណើរការអស់រយៈពេលប្រហែល90នាទី ។ លោក Stephen Schwarzmanសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនភាគហ៊ុនឯកជន Blackstone លោកRaj Subramaniam ប្រធានក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់អាមេរិកFedEx និង Cristiano Amon ជាថៅកែក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm ក៏បានចូលរួមកិច្ចប្រជុំនេះដែរ៕
ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




