ប្រធានាធិបតីរុស្ស៊ីលោក វ៉ាឌីមៀ ពូទីន បាន ឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី កាល ពីថ្ងៃទី១៧ ខែមីនា ដោយពង្រឹងការក្តាប់អំណាចយ៉ាងតឹងរ៉ឹងនៅក្នុងជ័យជម្នះលោកបាននិយាយថា ទីក្រុងមូស្គូមានសិទ្ធិក្នុងការក្រោកឈរឡើង ចំពោះលោកខាងលិច ហើយបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅអ៊ុយក្រែន។ សម្រាប់លោក ពូទីន ដែលជាអតីតវរសេនីយ៍ឯក KGB បានឡើងកាន់អំណាចដំបូងក្នុងឆ្នាំ1999 ចង់គូសបញ្ជាក់ទៅកាន់លោកខាងលិចថា មេដឹកនាំរបស់ខ្លួនត្រូវតែគិតគូរជាមួយរុស្ស៊ី ដែលមានភាពក្លាហាន មិនថា នៅក្នុងសង្គ្រាម ឬ សន្តិភាពសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត។លទ្ធផលនេះ មានន័យថា លោក ពូទីនដែលមានអាយុ 71ឆ្នាំ នឹងចាប់ផ្តើមអាណត្តិថ្មី រយៈពេល 6ឆ្នាំ ដែលបានវ៉ាដាច់លោកJosef Stalin ហើយក្លាយជាមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់រុស្ស៊ី។ ការស្ទង់មតិចេញពី FOM បានឱ្យដឹងថា លោក ពូទីន បានទទួលសំឡេងគាំទ្រ 87.8% ជាលទ្ធផលខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រក្រោយសម័យសូវៀត។

មជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ី (VCIOM) បានដាក់លោក ពូទីន ៨៧% ជាលទ្ធផលផ្លូវការដំបូងបង្ហាញថា ការបោះឆ្នោតមានភាពត្រឹមត្រូវ។អាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត បាននិយាយថា ការបោះឆ្នោតនេះមិនសេរី ឬមិនយុត្តិធម៌ ដោយសារតែការចាប់ដាក់គុក អ្នកប្រឆាំងនយោបាយនិងការចាប់ពិរុទ្ធ។ លទ្ធផល បានបង្ហាញថាបេក្ខជនកុម្មុយនិស្ត Nikolai Kharitonov ជាប់ចំណាត់ថ្នាក់លេខ២ មានសំឡេងតិចជាង 4%, អ្នកចំណូលថ្មី VladislavDavankov ទី៣ និងអ្នកជាតិនិយមជ្រុលLeonid Slutsky ទី៤។ លោក ពូទីន បានប្រាប់អ្នកគាំទ្រ នៅក្នុងសុន្ទរកថាជ័យជំនះនៅទីក្រុងមូស្គូថា លោកនឹងផ្តល់អាទិភាពដល់ការដោះស្រាយភារកិច្ច ទាក់ទងនឹងអ្វីដែលលោកហៅថា”ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ីនៅអ៊ុយក្រែន ហើយ នឹងពង្រឹងយោធារុស្ស៊ី។ ប៉ុន្តែនៅពេលដែលយើងរួបរួមគ្នា មិនថា អ្នកណាចង់បំភិតបំភ័យយើង គាបសង្កត់យើងទេ គ្មាននរណាម្នាក់ធ្លាប់ជោគជ័យក្នុងប្រវត្តិសាស្ត្រទេ ពួក គេមិនបានទទួលជោគជ័យនៅពេលនេះទេហើយពួកគេនឹងមិនជោគជ័យជារៀងរហូត។អ្នកគាំទ្របានស្រែកថា “ពូទីន ពូទីន ពូទីន”នៅពេលគាត់បង្ហាញខ្លួននៅលើឆាក និង ស្រែកថា “រុស្ស៊ី រុស្ស៊ី រុស្ស៊ី” បន្ទាប់ពីគាត់បានថ្លែងសុន្ទរកថា។

មានការបំផុសគំនិតដោយមេដឹកនាំប្រឆាំងលោកAlexeiNavalny ដែលបានស្លាប់ នៅក្នុងគុកArctic កាលពីខែមុន គូប្រជែងរាប់ពាន់នាក់បានតវ៉ានៅពេលថ្ងៃត្រង់ ប្រឆាំងនឹងលោកPutinនៅឯការិយាល័យបោះឆ្នោតក្នុងប្រទេសរុស្ស៊ី និងក្រៅប្រទេស។ លោក ពូទីន បានប្រាប់អ្នកសារព័ត៌មានថា លោកបានចាត់ទុកការបោះឆ្នោតរបស់រុស្ស៊ីថា ជាលទ្ធិប្រជាធិបតេយ្យ ហើយការតវ៉ាដែលបំផុសគំនិតដោយ Navalny ប្រឆាំងនឹងលោកមិនមានផលប៉ះពាល់ដល់លទ្ធផល នៃការបោះឆ្នោតនោះទេ។ ការស្លាប់របស់ Navalny គឺជា “ព្រឹត្តិការណ៍សោកសៅ” ហើយបានបញ្ជាក់ថា គាត់បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការផ្លាស់ប្តូរអ្នកទោសពាក់ព័ន្ធនឹងអ្នកនយោបាយប្រឆាំង។ មន្ត្រីបោះឆ្នោតបាននិយាយថា ចំនួនអ្នកទៅបោះឆ្នោតទូទាំងប្រទេសមានចំនួន 74.22% ពោល គឺ លើសពីកម្រិតឆ្នាំ2018ដែលមានចំនួន67.5%៕
ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




