១) វិទ្យុ RFI បានចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ២០២៤ ថា៖ក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានបញ្ជាក់ក្នុងសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី២១ កុម្ភៈនេះថា លោក ហ៊ុន ម៉ាណែត មិនបានពាក់ព័ន្ធជាមួយសកម្មភាពឆបោករបស់ឧកញ៉ា ឡេង ចាន់ណាទេ ។ ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយវីដេអូឃ្លីបដែលឧកញ៉ា ឡេង ចាន់ណា បានសារភាពថាមាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតជាអ្នកពាំងពីក្រោយ ។

២) វិទ្យុ RFI បានចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ២០២៤ ថា៖ប្រមាណជាមួយសប្តាហ៍ចុងក្រោយនេះភាពចម្រូងចម្រាសមតិនៅក្នុងចំណោមមហាជន និងអ្នកសិល្បៈបានកើតឡើងយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមជុំវិញការជ្រើសរើសប្រធានសមាគមសិល្បករខ្មែរអាណត្តិថ្មី ។ លោក សុះ ម៉ាច ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរ ២អាណត្តិ បានចូលរួមជាទស្សនៈថាប្រធានសមាគមត្រូវតែជាបុគ្គល ដែលមានលក្ខណៈសម្បត្តិល្អ មានចំណេះដឹង មានសីលធម៌ គុណធម៌ មានបេះដូងស្រលាញ់ និងជួយដល់សិល្បៈ ។ តារាចម្រៀងជើងចាស់កូនកាត់ខ្មែរឥស្លាមរូបនេះបញ្ជាក់ថាប្រធានសមាគមសិល្បៈក៏ត្រូវតែជាអ្នកប្រឡូកក្នុងវិស័យសិល្បៈយូរអង្វែង ជាបុគ្គលប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងគ្មានរឿងអាស្រូវពីក្រោយខ្នង ។

៣) វិទ្យុ RFA បានចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ២០២៤ ថា៖លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាឱ្យបណ្ដេញមន្ត្រីរាជការទាំងឡាយដែលពាក់ព័ន្ធនឹងការ ជួញដូរ និងប្រើប្រាស់ថ្នាំញៀន ហើយវិធានការនេះដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន ។ ជុំវិញ រឿងនេះ មន្ត្រីសង្គមស៊ីវិលថា វិធានការនេះនឹងគ្មានប្រសិទ្ធភាពឡើយ ប្រសិនបើអាជ្ញាធរនៅតែអនុវត្តច្បាប់ធូររលុងលោកមិនសូវមានក្តីសង្ឃឹមនោះទេ ពីព្រោះបទបញ្ជាពីថ្នាក់ដឹកនាំរដ្ឋាភិបាលបែបនេះ មិនមែនជាលើកទី១ទេ ។

៤) វិទ្យុ RFA បានចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ២០២៤ ថា៖ប្រធាន និងសមាជិកសហជីពឯករាជ្យនៅតាមបណ្តារោងចក្រកាត់ដេរមួយចំនួនរងការរើសអើង និងប្រឈមបណ្ដេញចេញពីកន្លែងធ្វើការ ហើយអ្នកខ្លះកំពុងជាប់ពាក្យបណ្ដឹងនៅតុលាការ ដោយសារ ចេញមុខការពារអត្ថប្រយោជន៍ឱ្យកម្មករ ។ ជុំវិញរឿងនេះ ប្រធានគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ សង្កេតឃើញថា លំហសិទ្ធិសេរីភាពរបស់សហជីពកាន់តែតូចចង្អៀតនៅពេលដែលពួកគាត់ធ្វើការដើម្បីប្រយោជន៍រួម។ លោកបន្តថា រដ្ឋាភិបាលគួរតែពិចារណាធ្វើវិសោធនកម្មច្បាប់ការងារដែលធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិសហជីព និងលុបបំបាត់អំពើនិទ្ធណ្ឌភាពនៅកន្លែងការងារ ។

ដោយគិរីដងរែក