នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ឯកឧត្តម ឃឺម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ បានអញ្ជើញចុះទៅជួបកសិករ ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីពិនិត្យលទ្ធភាពសិក្សាពីសក្តានុពល ក្នុងការរៀបចំសហគមន៍កសិកម្មនៅតំបន់នោះ។
ក្នុងឱកាសដំណើរបេសសកម្ម នៃការជួបប្រជុំ ជាមួយ ប្រជាសហគមន៍នៅទីនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានបញ្ជាក់ឱ្យដឹងថា មានប្រជាកសិករប្រមាណជាង ៧០គ្រួសារ បានចាប់អារម្មណ៍ស្នើសុំឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជួយរៀបចំសហគមន៍ផលិតកម្មស្រូវ ដើម្បីបានជួយ ដល់ ប្រជាកសិករគាត់ អាចដោះស្រាយនូវបញ្ហាការចំណាយខ្ពស់ ខ្វះដើមទុន ខ្វះកំលាំងពលកម្ម ខ្វះបច្ចេកទេសដាំដុះ ដែលតែងតែបណ្តាលឱ្យមានការខាតបង់ មិនទទួលបាន ផលចំណេញ នៅពេលធ្វើផលិតកម្មស្រូវ៕



ដោយគិរីដងរែក