ភ្នំពេញៈ វិស័យសហគ្រាសធុនតូច និងមធ្យម (SME) គឺជាបញ្ហាចម្បងដែលរាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ខ្លាំង និង ព្យាយាមទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុនផ្ទាល់កាន់តែច្រើនខណៈវិស័យនេះកំពុងចូលរួមចំណែកក្នុងការជួយទ្រទ្រង់កំណើន សេដ្ឋកិច្ចជាតិ ។ នេះបើយោងតាមរដ្ឋមន្ត្រី នៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងវេទិកាពិភាក្សា « អាទិភាពការងាររបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ » ដែលរៀបចំនៅទីស្តីការក្រសួងក្រោមកិច្ចសហការជាមួយក្លិបអ្នកកាសែតកម្ពុជា (CCJ) កាលពីរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានឱ្យដឹងថារាជរដ្ឋាភិបាលកម្ពុជា និ ផ្នែកពាក់ព័ន្ធ បាននិងកំពុងខិតខំយ៉ាងសកម្មក្នុងការជំរុញ និងលើកកម្ពស់ផលិតកម្មក្នុងស្រុកតាមរយៈការជំរុញចង្វាក់ផលិតកម្មកែច្នៃដើម្បី កាត់ បន្ថយការនាំចូលពីបរទេស និងជាពិសេសលើកកម្ពស់ការនាំចេញ ទំនិញទៅទីផ្សារអន្តរជាតិ ។

លោកប្រាប់ទៀតថាចំនួនរោងចក្រ ដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងជាបន្តបន្ទាប់ដោយគិតត្រឹមឆ្នាំ ២០២៣ មានចំនួន ២១២៥ ក្នុងនោះ ២៤១ គឺជារោងចក្រថ្មីដែលចុះបញ្ជីក្នុងឆ្នាំ ២០២៣ ។
លោកបន្តថាមូលហេតុ ដែលនាំឱ្យចំនួនរោងចក្រ / សហគ្រាសចុះបញ្ជីនៅក្រសួង និងបើកដំណើរការនៅកម្ពុជាកាន់តែច្រើនគឺ ដោយសារកត្តាស្ថិរភាពនយោបាយអត្រាកំណើនសេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។ ជាក់ស្តែងបន្ទាប់ពីការត្រឡប់មកវិញរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីពេលថ្មីៗ នេះគឺគេសង្កេតឃើញមានវិនិយោគិនជប៉ុន ជាច្រើនបានចាប់អារម្មណ៍ក្នុងការមកបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ។ ចំណុចទាំងអស់នោះ គឺជាសុទិដ្ឋិនិយមមួយសម្រាប់វិស័យ ឧស្សាហកម្ម និងសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ។ លោកបានថ្លែងថា៖ « ខ្ញុំជឿជាក់ថាតាមរយៈការជួយជ្រោមជ្រែង និងការខិតខំគឺវិនិយោគិននឹងមានការទុកចិត្តច្រើនមានការចាប់អារម្មណ៍ច្រើននៅកម្ពុជាជាពិសេសនៅក្នុងអាណត្តិ ដែលមានសម្តេចមហាបវរធិបតីដឹកនាំនេះ » ។
យោងតាមលោក រដ្ឋមន្ត្រី ចំណុចចម្បងដែលនឹងជួយឱ្យផលិតកម្មរបស់ SME នៅកម្ពុជាអាចបោះជំហានទៅមុខកាន់តែលឿន និង មានសមត្ថភាពប្រកួតប្រជែងទាំងជាមួយផលិតផលនាំចូល និងបង្កើនសមត្ថភាពនាំចេញគឺការរួមគ្នាបង្កើតជាក្រុមសមាគម សហគមន៍ឬសហព័ន្ធព្រោះវានឹងជួយឱ្យកម្លាំងផលិតកាន់តែខ្លាំង និងមានស្តង់ដាគុណភាពរួមគ្នា , បញ្ហាធនធានហិរញ្ញវត្ថុ , ពលកម្មជំ នាញ ។ ការរីកចម្រើនចង្វាក់ផលិតកម្មរបស់ SME សំខាន់ណាស់សម្រាប់កម្ពុជាសេដ្ឋវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៨ ខែមករាថាវិស័យសហគ្រាសធុន តូច និងមធ្យម គឺជាសសរគ្រឹះ ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ព្រោះ SME គឺរាប់បញ្ចូលទាំងការផលិតទំនិញ ឬ ផលិតផលសម្រាប់ការរស់នៅប្រចាំថ្ងៃដូចជាចំណីអាហារទំនិញប្រើប្រាស់ ផលិតផលបម្រើឱ្យវិស័យទេសចរណ៍ និងទំនិញកែច្នៃមួយចំនួន ។
នៅពេលវិស័យ SME មានដំណើរការល្អវាមិនត្រឹមតែជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតការងារ និងប្រាក់ចំណូលបុគ្គល គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុកពីការផលិតទំនិញតូចៗ ឱ្យទៅជាការផលិតបែប ឧស្សាហកម្ម និងប្រើប្រាស់បច្ចេកទេសទំនើបៗ ផងដែរ ។ លោកថ្លែងថា ៖ « ខ្ញុំមានជំនឿថាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលើវិស័យ SME នឹងជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជារីកលូតលាស់ ទៅមុខកាន់តែលឿនជាពិសេសវាជួយលើកកម្ពស់សមត្ថភាពនាំចេញផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេចពីកម្ពុជាទៅទីផ្សារអន្តរជាតិកាន់តែច្រើននាពេលអនាគត » ។
លោកបានបន្ថែមថា ទោះយ៉ាងណាការលើកកម្ពស់វិស័យ SME គឺត្រូវការចូលរួមឱ្យបានសកម្មបន្ថែមទៀតពីសំណាក់ម្ចាស់រោងចក្រ និង អាជីវកម្មទាំងអស់ដើម្បីធ្វើឱ្យមានគុណភាពកាន់តែល្អមានថ្លៃដើមកាន់តែទាប និងមានទីផ្សារកាន់តែធំ ។ វិនិយោគិនបរទេសរួមទាំងជប៉ុនបង្ហាញការចាប់អារម្មណ៍កាន់តែច្រើនពីឱកាសវិនិយោគនៅកម្ពុជា។

ដោយគិរីដងរែក