ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរ ទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសបារាំង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ ឯកឧត្តម Jacques Pellet បានមានប្រសាសន៍ថា នេះគឺជាទស្សនកិច្ចកម្រិតខ្ពស់ មួយដែលជាធម្មតានៅពេលដែលប្រមុខរដ្ឋាភិបាលមួយត្រូវបានអញ្ជើញ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវជួបជាមួយប្រធានសភាឬ ប្រធាន ព្រឹទ្ធសភាក៏ដូចជាប្រធានាធិបតី។ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា នោះ ឯកឧត្តម Jacques Pellet បានគូសបញ្ជាក់ថា ដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីសវាមិនមែនជាអនុសញ្ញាអ្វីមួយនោះទេ មានន័យថា គេមិនទាមទារឱ្យមានការត្រួតពិនិត្យជាប្រចាំថាតើត្រូវបានអនុវត្តន៍ត្រឹមត្រូវដែរ ឬអត់ដូច ជាអនុសញ្ញាទេ។
មួយទៀតគោលការណ៍ធំៗនៃកិច្ចព្រមព្រៀងក្រុងប៉ារីសវាត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញរបស់ កម្ពុជារួចរាល់ហើយ ហើយជាងនេះទៅទៀតគឺយើងមានកិច្ចសន្ទនាជាច្រើនដែលបានធ្វើឡើងក្នុងកម្រិតខ្ពស់ដើម្បីពិភាក្សាលើបញ្ហានានាទាក់ទងទៅនឹងរដ្ឋធម្មនុញ្ញក៏ដូចជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។ ទាក់ទង់នឹងការលើកឡើងអំពី ការកាត់បន្ថយការអនុគ្រោះពន្ធក្នុងការនាំទំនិញពីកម្ពុជាចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបវិញ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជារូបនេះបានថ្លែងបញ្ជាក់ផងដែរថា ការបាត់បង់ការអនុគ្រោះពន្ធ EBA មានប្រមាណ ២០% ដែលផ្តោត ទៅលើតែផលិតផលមួយចំនួនប៉ុណ្ណោះហើយត្រូវបានកាត់បន្ថយការអនុគ្រោះពន្ធ។ ឯកឧត្តមបានអះអាងថា បារាំងត្រៀមខ្លួនជានិច្ចដើម្បីជួយដល់កម្ពុជាក្នុងការឆ្ពោះទៅរកច្រកចេញស្ដីពីការកាត់បន្ថយការអនុគ្រោះពន្ធនេះ។


ដោយគិរីដងរែក




