-(VOAថ្ងៃទី១២ខែមករា) សហគមន៍ជនជាតិដើមភាគតិចកួយក្នុងខេត្តព្រះវិហារអះអាងថា ពួកគេនៅតែរក ឃើញបទល្មើសព្រៃឈើកើតឡើងនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃព្រះរការ ក្នុងឃុំព្រះមេរុ ស្រុកត្បែងមានជ័យ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ព្រៃឈើ ។ ជុំវិញរឿងនេះ លោក ហេង គឹមហុង ប្រធានប្រតិបត្តិ នៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) ប្រាប់វីអូអេថា បើទោះបីជាមានការប្ដេជ្ញាពីរដ្ឋាភិបាលអាណត្តិថ្មីក្នុងការទប់ ស្កាត់បទល្មើសព្រៃឈើ ប៉ុន្តែការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានឡើងគួរឱ្យកត់សម្គាល់ ។ លោកបន្តថារដ្ឋាភិបាលគួរបើកការស៊ើបអង្កេតទៅលើមន្ត្រីនៅតាមមូលដ្ឋាន និងស្វែងរកឫសគល់នៃមេខ្លោងដែលប្រព្រឹត្តបទល្មើសព្រៃឈើ ។

(RFIថ្ងៃទី១២ខែមករា)មតិរបស់ភ្ញៀវអន្តរជាតិស្តីពីបញ្ហាមិនប្រក្រតីដែលកើតឡើងនៅឯព្រលានយន្តហោះអន្តរជាតិថ្មីក្នុងសៀមរាបត្រូវបានចែកចាយជាហូរហែនៅតាមបណ្តាញសង្គមបញ្ហាមិនប្រក្រតីដែលភ្ញៀវអន្តរជាតិ បានលើកឡើង រួមមានបញ្ហាពុករលួយតាមរយៈការទារលុយកាក់នៅកន្លែងសុំទិដ្ឋាការ ។ ក្រុមអ្នកជំនាញនៅក្នុងវិស័យ ទេសចរណ៍បានបង្ហាញក្តីបារម្ភចំពោះបញ្ហានេះ ព្រោះវានឹងអាចធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបកាន់តែធ្លាក់ចុះ ។ តាមក្រុមអ្នកជំនាញ រដ្ឋាភិបាលត្រូវស៊ើបអង្កេតបញ្ហានេះឲ្យច្បាស់លាស់ដើម្បីកុំឲ្យមានការរិះគន់បន្តទៀត ។

-(RFIថ្ងៃទី១២ខែមករា)នៅឆ្នាំ២០២៣ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មអន្តរជាតិ ៤៦,៨ ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះ ១,៩% ធៀបនឹងឆ្នាំ ២០២២ ដែលមាន ៤៧,៧ ពាន់លានដុល្លារ ។ ចំណែកការនាំចេញរបស់កម្ពុជាកើនឡើង ១,៨% ហើយការនាំចូលថយចុះ ៥%។ ដោយឡែក ផលិតផលឧស្សាហកម្មកាត់ដេរនៅតែជាទំនិញនាំមុខ គេក្នុងការនាំចេញ ខណៈដែលចិន អាមេរិក វៀតណាម ថៃ និងជប៉ុន ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា ។

(RFAថ្ងៃទី១២ខែមករា)ពលករនិងជនភៀសខ្លួនខ្មែរមួយចំនួននៅប្រទេសថៃត្រៀមប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលគ្រោងធ្វើទស្សនកិច្ចទៅប្រទេសថៃ នៅដើមខែកុម្ភៈខាងមុខ ។ ពួក គេអះអាងថា គម្រោងបាតុកម្មនេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញគោរពសិទ្ធិមនុស្ស និងងាកមកដើរតាម គន្លងប្រជាធិបតេយ្យឡើងវិញ ។ ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វិទ្យុ អាស៊ីសេរីថា ជនភៀសខ្លួនទាំងនោះអាចធ្វើបាតុកម្មបាន ក៏ប៉ុន្ដែពួកគេត្រូវគោរពច្បាប់របស់ប្រទេសថៃ បើពុំដូច្នេះទេ ពួកគេអាចនឹងប្រឈមមុខផ្លូវច្បាប់ ៕
ដោយគិរីដងរែក




