នៅក្នុងនីតិកាលទី៧នេះ កូនប្រុសទាំង២រូបរបស់សម្ដេច ស ខេង អតីតឧបនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលតំណែងជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលក្នុងនោះមានកូនប្រុសម្នាក់ គឺរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
លោក ស សុខា បានទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជំនួសឪពុក ដែលធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះអស់រយៈពេល៣០ឆ្នាំ។

ការប្រកាសតែងតាំងលោក ស សុខា ទទួលបានការចាប់អារម្មណ៍ ដោយសាររដ្ឋមន្រ្តីវ័យក្មេងរូបនេះត្រូវគេដឹងថាជាកូនប្រុសសម្តេច ស ខេង ។ មុនទទួលតំណែងដឹកនាំការងារនៅក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់បម្រើការងារជារដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡានឹង ធ្លាប់ធ្វើជានគរបាលក្របខ័ណ្ឌក្រសួងមហាផ្ទៃដែលជាជំនួយការឪពុករបស់លោក គឺសម្តេចក្រឡាហោម ស ខេង និងជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែននគរបាលសណ្ដាប់ធ្នាប់។
ជាមួយគ្នានេះដែរ លោក ស សុខា ក៏ត្រូវបានតែងតាំងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ។ស្ថិតនៅក្នុងចំណោមរដ្ឋមន្រ្តីវ័យក្មេងក្នុងជួររដ្ឋាភិបាលនីតិកាលទី ៧ ដែលដឹកនាំដោយសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។

លោក ស សុខា បានសិក្សានៅប្រទេសបារាំងក្នុងវ័យ១៣ឆ្នាំ រហូតដល់បញ្ចប់ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាដោយទទួលបានសញ្ញាប័ត្របណ្ឌិត។ ក្រៅពីការសិក្សានៅប្រទេសបារាំង លោក ស សុខា ក៏បានទៅសិក្សានៅតាមបណ្តាប្រទេសមួយចំនួនទៀតដូចជា សាធារណរដ្ឋឆេក ប្រទេសអាល្លឺម៉ង់ និងប្រទេសសិង្ហបុរី។ ជំនាញដែលលោកសិក្សាទាំងក្នុង និងក្រៅប្រទេសរួមមាន ផ្នែកអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រអប់រំ គ្រប់គ្រង ច្បាប់ស៊ីវិល គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ នគរបាល និងជំនាញយោធា។

ចំពោះភាសាបរទេសវិញលោកអាចប្រើប្រាស់ជាផ្លូវការបានចំនួន២ភាសា គឺភាសាបារាំង និងអង់គ្លេស។ សម្រាប់អណត្តិទី៧នេះ លោកត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
ចំណែកកូនប្រុស១រូបទៀតរបស់សម្ដេច ស ខេង លោក ស រដ្ឋាបានតួនាទី ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុផងដែរ។
រីឯកូនស្រីរបស់សម្តេច អ្នកស្រី ស ស៊ីណា មិនមានប្រភពបញ្ជាក់លោក ស្រី មានតួនាទីនៅក្រសួងឬស្ថាប័នជាតិណានោះទេ។

ដោយគិរីដងរែក