អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នឹងចូលរួមជាមួយអ្នកផលិតជិត៩០០នាក់ ដើម្បីធានាបរិមាណ និងគុណភាពនៃផលិតផលរបស់ពួកគេ។
ការកំណត់ស្តង់ដារអប្បរមាសម្រាប់សុវត្ថិភាពចំណីអាហារ និងគុណភាពសម្រាប់ខ្សែច្រវ៉ាក់តម្លៃនៃការផ្តល់អាហារដល់សាលារៀនដែលដាំដុះខ្លួនឯង (Home Grown School Feeding) គឺជាកត្តាចាំបាច់មួយ ដើម្បីធានានូវរបបអាហារមានជីវជាតិសម្រាប់កុមារដែលទៅសាលារៀននៅក្នុងប្រទេសកម្ពុជា ដែលនេះជាកិច្ចព្រមព្រៀងដ៏សំខាន់មួយនៅក្នុងសិក្ខាសាលានាពេលថ្មីៗនេះ ដែលរៀបចំឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) នៅរាជធានីភ្នំពេញ។
សិក្ខាសាលានេះមានគោលបំណងចែករំលែកលទ្ធផលបឋម និងស្វែងរកមតិកែលម្អលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីសុវត្ថិភាពចំណីអាហារនិងគុណភាពសម្រាប់ខ្សែច្រវ៉ាក់តម្លៃផ្តល់អាហារតាមសាលាដែលដាំដុះខ្លួនឯងនៅកម្ពុជា។
សុវត្ថិភាពចំណីអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថាអាហារមានសុវត្ថិភាពនៅគ្រប់ដំណាក់កាលនៃខ្សែច្រវ៉ាក់តម្លៃអាហារ ចាប់ពីការផលិតរហូតដល់ការប្រមូលផល ការចម្អិន ការរក្សាទុក ការចែកចាយ រហូតដល់ការរៀបចំ និងការប្រើប្រាស់។
អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ FAO និង កម្មវិធីស្បៀងអាហារពិភពលោក (Word Food Programme) កំពុងធ្វើការសហការគ្នាឆ្ពោះទៅរកការអភិវឌ្ឍន៍គោលការណ៍ណែនាំសុវត្ថិភាព និងគុណភាព ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ និងការពារសុខភាពរបស់កុមារតាមសាលារៀនដែលទទួលទានអាហារនៅសាលាក្រោមកម្មវិធីផ្តល់អាហារតាមសាលារៀនដែលដាំដុះខ្លួនឯងរបស់ប្រទេសកម្ពុជា។ ការអភិវឌ្ឍន៍គោលការណ៍ណែនាំធានាថា ស្តង់ដារខ្ពស់នៃសុវត្ថិភាពនិងគុណភាពចំណីអាហារ ត្រូវបានគាំទ្រដោយតួអង្គផ្តល់អាហារតាមសាលាដែលដាំដុះខ្លួនឯងនៅទូទាំងខ្សែច្រវ៉ាក់តម្លៃ។
ការបង្កើតគោលការណ៍ណែនាំអំពីសុវត្ថិភាព និងគុណភាពម្ហូបអាហារ នឹងជួយផ្តល់ការណែនាំជាក់ស្តែងជាជំហានៗ សម្រាប់អ្នកពាក់ព័ន្ធសំខាន់ៗដែលមានកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងការអនុវត្តគោលការណ៍សុវត្ថិភាព និងគុណភាពម្ហូបអាហារក្នុងការផលិត និងការចែកចាយអាហារតាមសាលារៀនដល់សិស្សក្រោមកម្មវិធីផ្តល់អាហារតាមសាលារៀនដែលដាំដុះខ្លួនឯង។
នៅក្នុងសិក្ខាសាលា អ្នកពាក់ព័ន្ធ និងតួអង្គសំខាន់ៗដែលពាក់ព័ន្ធនឹងការផ្តល់អាហារតាមសាលារៀនដែលដាំដុះខ្លួនឯងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានផ្តល់មតិកែលម្អលើខ្លឹមសារ និងសេចក្តីព្រាងស្តីពីសុវត្ថិភាពនិងគុណភាពអាហារនិងគោលការណ៍ណែនាំអ្នកពាក់ព័ន្ធ។ វាក៏ជាវេទិកាមួយដែលជួយលើកកម្ពស់ការយល់ដឹងអំពីស្តង់ដារអប្បបរមានៃសុវត្ថិភាពនិងគុណភាពចំណីអាហារ សម្រាប់ខ្សែច្រវ៉ាក់តម្លៃនៃការផ្តល់អាហាតាមសាលារៀនដែលដាំដុះខ្លួនឯងក្នុងប្រទេសកម្ពុជា និងជាវេទិកាសម្រាប់ការបង្ហាញសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីសុវត្ថិភាពចំណីនិងគុណភាពអាហារ និងការធ្វើបច្ចុប្បន្នភាពនៃភាគីពាក់ព័ន្ធស្តីពីស្ថានភាពនៃការអភិវឌ្ឍន៍របស់ខ្លួន។
ជាជំហានបន្ទាប់ គោលការណ៍ណែនាំនឹងត្រូវបានកែសម្រួល សន្និដ្ឋានបញ្ចប់ និងធ្វើឱ្យមានសុពលភាពជាមួយអ្នកអនុវត្ត ដែលរួមមានកសិករ និងអ្នកផ្គត់ផ្គង់ និងតួអង្គសំខាន់ៗផ្សេងទៀត ហើយបន្ទាប់មកវានឹងត្រូវបានផ្សព្វផ្សាយសម្រាប់ការប្រើប្រាស់។
តាមរយៈគម្រោងនេះ អង្គការ FAO នឹងចូលរួមជាមួយអ្នកផលិតដែលជាកសិករខ្នាតតូចរហូតដល់៩០០នាក់ ដើម្បីធានាបរិមាណ និងគុណភាពនៃផលិតផលរបស់ពួកគេ ពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការចូលរួមក្នុងការដេញថ្លៃដែលមានការប្រកួតប្រជែង និងបង្កើនជំនាញរដ្ឋបាល និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ សរុបមក មានសាលារៀនចំនួន ១៦៨ ដែលមានសិស្សប្រមាណ ៤២០០០នាក់ ក្រោមគម្រោង LRP ដែល WFP កំពុងអនុវត្តក្នុងភាពជាដៃគូជាមួយ FAO ។ ទាំងនេះនឹងស្ថិតនៅក្នុងតំបន់គោលដៅជាយុទ្ធសាស្ត្រនៃស្រុកកំពង់លែង និងស្រុកសាមគ្គីមានជ័យ ក្នុងខេត្តកំពង់ឆ្នាំង នៅស្រុកបារាយណ៍ និងស្រុកប្រាសាទបល្ល័ង្ក ក្នុងខេត្តកំពង់ធំ និងនៅស្រុកស្រីស្នំ ស្រុកស្វាយលើ និងស្រុកសូទ្រនិគម ក្នុងខេត្តសៀមរាប៕






ដោយគិរីដងរែក




