24.9 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

អុីស្រាអែលពង្រីកសំណង់អាណានិគមខុសច្បាប់នៅ តំបន់ West Bank ដែនដីប៉ាឡេស្ទីន។

- Advertisement -spot_img

(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសចំនួន ៤នៅអឺរ៉ុប និងកាណាដា បានចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងការប្រឆាំងជំទាស់ទៅនឹង ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងការទទួលស្គាល់លំនៅដ្ឋានខុសច្បាប់៩ខ្នង ក្នុងតំបន់អាណានិគម នៅឯតំបន់ West Bank ដែនដីប៉ាឡេស្ទីន។

ថ្មីៗនេះ រដ្ឋាភិបាលអ៉ីស្រាអែលដឹកនាំដោយលោក ណេតាន់យ៉ាហ៊ូ បានទទួលស្គាល់លំនៅដ្ឋានខុសច្បាប់៩ខ្នង ក្នុងតំបន់អាណានិគម នៅឯតំបន់ West Bank ព្រមទាំង បានប្រកាសពីគម្រោងសាងសង់លំនៅដ្ឋានខុសច្បាប់បន្ថែមរហូតដល់ទៅជាង ១០,០០០ខ្នង។

សេចក្តីថែ្លងការណ៍រួមដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស បារាំង អាល្លឺម៉ង់ អ៉ីតាលី និងអាមេរិក បានគូសបញ្ជាក់ថា «យើងសូមប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពឯកតោភាគី ដែលនឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន ក៏ដូចជាធ្វើឲ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវដំណោះស្រាយរដ្ឋពីរ ដែលធ្លាប់ចរចាគ្នាកន្លងមក»។ ដោយឡែក រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly ក៏បានអះអាងដែរថាទីក្រុងអូតាវ៉ា ជំទាស់ដាច់អហង្ការចំពោះគម្រោងពង្រីក លំនៅដ្ឋានខុសច្បាប់របស់អ៉ីស្រាអែល ដោយសកម្មភាពឯកតោភាគីបែបនេះមានតែបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រទេសមហាអំណាចពិភពលោកភាគច្រើន ចាត់ទុកការតាំងទីលំនៅរបស់អ៉ីស្រាអែលលើទឹកដីដែលខ្លួនបានកាន់កាប់នៅក្នុងសង្គ្រាមឆ្នាំ១៩៦៧ ជាមួយ មហាអំណាចអារ៉ាប់ ថាជារឿងខុសច្បាប់។ ប៉ុន្តែអ៉ីស្រាអែល បានជំទាស់ ដោយ លើក ឡើង ពី ទំនាក់ទំនង នៃគម្ពីរ ប្រវត្តិសាស្ត្រ និង នយោបាយ ផ្សារភ្ជាប់ទៅ នឹង តំបន់ West Bank ព្រម ទាំង ផលប្រយោជន៍ សន្តិសុខ។ ចាប់តាំងពីសង្រ្គាមឆ្នាំ១៩៦៧ អ៉ីស្រាអែលបានអនុញ្ញាតឲ្យមានការតាំងទីលំនៅចំនួន១៣២កន្លែង នៅលើទឹកដីប៉ាឡេស្ទីន។

ជាមួយនឹងភាពតានតឹងខ្ពស់ដែលមានស្រាប់នៅតំបន់ West Bank រួចហើយនោះ ទង្វើនេះបានធ្វើឲ្យមហាអំណាចពិភពលោកព្រួយបារម្ភថា នឹងនាំឲ្យមានអំពើហិង្សាកាន់តែខ្លាំង។ កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយឆ្មក់ជារៀងរាល់ថ្ងៃ នៅជិតតំបន់ West Bank ដោយបន្តការបង្រ្កាបដែលបានចាប់ផ្តើមកាលពីឆ្នាំ២០២២មក៕

ប្រភព Aljazeera ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img