ក្រុមហ៊ុនចិនជាច្រើនដែលទទួលបន្ទុកផលិតគ្រឿងសព្វាវុធបានចេញមកបញ្ជាក់ពីសមត្ថភាព ក៏ដូចជារយៈពេលនៅលើអាកាសនៃបាឡុងហោះរបស់ខ្លួនដែលសហរដ្ឋអាមេរិកបាញ់ទម្លាក់កាលពីពេលថ្មីៗនេះ ។
សាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិនបានអះអាងថា បាឡុងរបស់ចិនអាចហោះហើរលើអាកាសបានរហូតដល់ ១៥ ថ្ងៃឯណោះ បន្ទាប់ពីយន្តហោះ F-22 របស់អាមេរិកបាញ់ទម្លាក់នៅឆ្នេរសមុទ្រនៃរដ្ឋ South Carolina ក្រោយចោទប្រកាន់ថា រំលោភលើអធិបតេយ្យភាពរបស់ខ្លួន ។
ទន្ទឹមនោះ បាឡុងហោះទម្ងន់ស្រាលដែលចិនអះអាងថា ជាផ្កាយរណបស្រាវជ្រាវអាកាសធាតុដែលហោះខុសផ្លូវនោះ មានសមត្ថភាពអាចតាមដានព័ត៌មានលើតំបន់ក្នុងរង្វង់ ៤០ គីឡូម៉ែត្រ ហើយអាចគេចពីការចាប់បានដោយរ៉ាដាថតពីដីមកផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ចិនបានបញ្ចប់តំណែងលោក Zhuang Guotai ប្រធានទីភ្នាក់ងារអាកាសធាតុជាតិរបស់ខ្លួន ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក៏បានពន្យារពេលដំណើរទស្សនកិច្ចការទូតដែលគ្រោងទុកកាលពីចុងសប្ដាហ៍មកទាន់ទីក្រុងប៉េកាំងផងដែរ ៕



ប្រភព U.S. Department of Defense ប្រែសម្រួលដោយគីរីដងរែក




