ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett ថា លោកនឹងមិនធ្វើឃាតប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ឡើយ។ នេះបើតាមការអះអាងរបស់លោក Bennett ប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។
លោក Bennet បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូកាលពីខែមីនាឆ្នាំមុន ក្នុងការប៉ុនប៉ងស្វែងរកបទឈប់បាញ់ដំបូងរវាងរុស្ស៊ី និងអ៊ុយក្រែន។ ដំណើរនោះត្រូវបានធ្វើឡើងតាមសំណើរបស់លោក Zelensky។
នៅពេលកងកម្លាំងរុស្សី ព័ទ្ធជុំវិញទីក្រុងកៀវ លោក Zelensky ត្រូវបានគេរាយការណ៍ថា បានលាក់ខ្លួននៅក្នុងទីតាំងសម្ងាត់មួយអំឡុងពេលកិច្ចប្រជុំនោះ។ លោក Bennett បាន ប្រាប់ទូរទស្សន៍ ប៉ុស្តិ៍ លេខ១២កាល ពី ថ្ងៃ អាទិត្យទី០៥ខែកុម្ភៈថា មេដឹកនាំអ៊ុយក្រែនបានប្រគល់ភារកិច្ចឲ្យគាត់ក្នុងការធានាពីលោកពូទីនថា គាត់នឹងមិនត្រូវបានគេកំណត់គោលដៅសម្រាប់ការធ្វើឃាតនោះទេ។
ពេលនោះ លោក Bennett បានសួរលោកពូទីនថា “តើអ្នកនឹងសម្លាប់លោក Zelensky ទេ?”។ ប្រធានាធិបតីរុស្ស៊ីឆ្លើយថាគាត់ នឹង មិនធ្វើរឿងបែបនេះឡើយ។ ក្រោយមក លោក Bennett បានហៅទូរស័ព្ទទៅលោក Zelensky ភ្លាមៗក្រោយពេលចាកចេញពីវិមានក្រឹមឡាំងដោយប្រាប់គាត់ថា “លោកពូទីននឹងមិនសម្លាប់អ្នកទេ! ១០០%”។
ស្របពេលជាមួយគ្នានោះ លោក Bennett បានពណ៌នាលោកពូទីន ថាជាមនុស្សឆ្លាត និងជាអ្នកគាំទ្រជនជាតិជ្វីហ្វ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Bennett និយាយថា មេដឹកនាំរុស្ស៊ីមិនសប្បាយចិត្តទេនៅពេលឈ្មោះលោក Zelensky និងមន្ត្រីរបស់គាត់ផ្សេងទៀតត្រូវបានលើកឡើង៕
ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




