(បែរឡាំង)៖ អគ្គរដ្ឋអាជ្ញារបស់ប្រទេសអាល្លឺម៉ង់ លោក ផេតធឺ ហ្រ្វេង (Peter Frank) បានទទួលស្គាល់ថា ទីក្រុងបែរឡាំងមិនមានភស្តុតាងណាមួយពាក់ព័ន្ធនឹងរុស្ស៉ីឡើយ ជុំការបំផ្លិចបំផ្លាញនៃបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅបាតសមុទ្របាល់ទិក កាលពីឆ្នាំ ២០២២នោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅពេលនិយាយអំពីការជាប់ពាក់ព័ន្ធរបស់ រុស្ស៊ី ក្នុងពេលផ្តល់បទសម្ភាសន៍ ជាមួយកាសែត Die Welt នៅថ្ងៃសៅរ៍នេះ លោក ហ្រ្វេង បានគូសបញ្ជាក់ថា «បច្ចុប្បន្ន វាមិនត្រូវបានគេបញ្ជាក់ទេ។ ការស៊ើបអង្កេតកំពុងបន្ត»។
លោកហ្រ្វេងបានបន្ថែមថា «ការសង្ស័យដែលថាមានអំពើបំផ្លិចបំផ្លាញ ដោយបរទេសក្នុងករណីនេះរហូតមកទល់ពេលនេះ មិន ត្រូវ បានគេបញ្ជាក់ឡើយ»។
គួរបញ្ជាក់ថា ការលេចធ្លាយចំនួន៤ នៅក្នុងបំពង់បង្ហូរប្រេងពីរដែលដឹកជញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប កាត់តាមប្រទេសអាល្លឺម៉ង់ត្រូវបានគេរកឃើញនៅជិតកោះ បឺនហូម (Bornholm) របស់ប្រទេសដាណឺម៉ាក នៅក្នុងដែនទឹកដាណឺម៉ាក និងស៊ុយអែត កាលពីចុងខែកញ្ញា ឆ្នាំ២០២២។ ប្រទេសទាំងពីរបាននឹងកំពុងធ្វើការស៊ើបអង្កេតរៀងៗខ្លួនលើការបំផ្ទុះនេះ ហើយអាល្លឺម៉ង់បានចូលរួមជាមួយពួកគេ៕



ប្រភព RT ប្រែសម្រួលដោយគិរីដងរែក




