អ្នកនយោបាយ និងអ្នកការទូតកូរ៉េខាងជើងលោកស្រី គីម យូជុង បាននិយាយថា រុស្ស៊ីនឹងកម្ទេចអាវុធទាំងអស់ដែលលោកខាងលិចបញ្ជូនទៅអ៊ុយក្រែន ឲ្យក្លាយជាផេះ ឬជាសំណល់អេតចាយ ហើយទីក្រុងព្យុងយ៉ាងនឹងបន្តគាំទ្រទីក្រុងមូស្គូ ចំពេលមានវិបត្តិនៅអ៊ុយក្រែននាពេលបច្ចុប្បន្ន ។
ការលើកឡើងរបស់ប្អូនស្រីលោក គីម ជុងអ៊ុន បានកើតឡើង បន្ទាប់ពីការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់រថក្រោះប្រយុទ្ធដល់អ៊ុយក្រែន ហើយបានស្នើថា គំនិតផ្តួចផ្តើមបែបនេះនឹងមិនជួយដល់រដ្ឋាភិបាលទីក្រុងកៀវឡើយ ។
លោកស្រី គីម យូជុង បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េថា “សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េនឹងតែងតែឈរលើគោលការណ៍មួយ រួមគ្នាជាមួយប្រជាជន និងកងទ័ពនៃប្រទេសរុស្ស៊ីដែលបានក្រោកឡើងដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រដ្ឋ អធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេស” ។
កាលពីដើមសប្តាហ៍នេះ ទាំងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រកាសពីចេតនារបស់ពួកគេក្នុងការផ្គត់ផ្គង់រថក្រោះប្រយុទ្ធ M1 Abrams និងរថក្រោះខ្លារខិន Leopard 2 ទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវដើម្បីទប់ទល់នឹងការប្រយុទ្ធរបស់រុស្ស៊ី ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបញ្ជូនសព្វាវុធ គ្រាប់បែក និងសម្ភារៈយោធាដ៏ច្រើនសន្ធឹកសន្ធាប់ទៅកាន់ទីក្រុងកៀវ ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក ៕


ប្រភព ksn.com ប្រែសម្រួលដោយគិរីដងរែក




