ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំសហរដ្ឋអាមេរិក បានព្រមានថា រថក្រោះប្រយុទ្ធរបស់អាមេរិក ដែលបញ្ជូនទៅកាន់អ៊ុយក្រែន នឹងត្រូវបំផ្លាញដោយកងកម្លាំងរុស្ស៊ី។
ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានរបាយការណ៍ថា ឥឡូវនេះ សេតវិមាន មានគម្រោងផ្គត់ផ្គង់គ្រឿងសឹកធុនធ្ងន់ដល់ទីក្រុងកៀវ បើទោះបីជាពីមុន បានបដិសេធក៏ដោយ។
នៅពេលសួរអំពីសក្តានុពលនៃការដឹកជញ្ជូនរថក្រោះប្រយុទ្ធដ៏សំខាន់ធុន M1 Abrams ទៅកាន់អ៊ុយក្រែន ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក Anatoly Antonov បាននិយាយថា វិធានការនេះ នឹងធ្វើឲ្យអាមេរិកចូលរួមមួយកម្រិតទៀតនៅក្នុងជម្លោះ។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក Anatoly Antonov
បេសកជនរូបនេះនិយាយថា “ប្រសិនបើការសម្រេចចិត្តផ្ទេររថក្រោះ M1 Abrams ទៅឲ្យទីក្រុងកៀវ ធ្វើឡើងមែននោះ គ្មានអ្វីត្រូវសង្ស័យទេដែលថា រថក្រោះអាមេរិកនឹងត្រូវកម្ទេច ដូចសព្វាវុធយោធារបស់អង្គការណាតូផ្សេងទៀតដែរ។ អាមេរិកកំពុងបង្កើនជំនួយយោធាឥតឈប់ឈរ ដល់រដ្ឋាភិបាលអាយ៉ងរបស់ពួកគេ”។
ថ្វីបើពីមុន សេតវិមានបានច្រានចោលការទាមទាររបស់ទីក្រុងកៀវសម្រាប់រថក្រោះ M1 Abrams ក៏ដោយ ប៉ុន្តែកាលពីថ្ងៃអង្គារ សារព័ត៌មានជាច្រើនបានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរគំនិត ហើយឥឡូវនេះមានបំណងបញ្ជូនរថក្រោះទាំងអស់៕



ប្រភព KCRA ប្រែសម្រួលដោយគិរីដងរែក




