នាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន និងអឺរ៉ុបនឹងឈ្នះសង្គ្រាមលើប្រទេសរុស្ស៊ី បើទោះបីជាមាន ឬមិនមានប្រទេសអាល្លឺម៉ង់ចូលរួមផ្ដល់អាវុធឲ្យរដ្ឋាភិបាលទីក្រុងកៀវក៏ដោយ ។
ការអត្ថាធិប្បាយរបស់លោក Morawiecki បានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែននៅឯមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រ ជាកន្លែងដែលសម្ព័ន្ធមិត្តរបស់ទីក្រុងកៀវ បានសន្យាគាំទ្រផ្នែកយោធាបន្ថែមទៀតដល់ប្រទេសដែលកំពុងប្រយុទ្ធជាមួយរុស្ស៊ីមួយនេះ ។
លោក Morawiecki បានប្រាប់ទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ PAP ថា “ចាប់តាំងពីផ្ទុះសង្គ្រាមជិត ១ ឆ្នាំមកនេះ ភស្តុតាងនៃឧក្រិដ្ឋកម្មសង្រ្គាមរបស់កងទ័ពរុស្ស៊ី ត្រូវបានគេមើលឃើញទាំងនៅលើកញ្ចក់ទូរទស្សន៍ និងនៅលើ YouTube ដូច្នេះតើចាំបាច់អីដែលអាល្លឺម៉ង់ទើបចាប់ផ្តើមធ្វើសកម្មភាពបែបនេះ” ។
លោកប្រធានាធិបតីប៉ូឡូញបានសង្កត់ធ្ងន់ទៀតថា អាល្លឺម៉ង់មិនចាំបាច់ផ្តល់ធនធានទាំងអស់របស់ខ្លួនទេ ព្រោះថាមានភាគរយតិចតួចប៉ុណ្ណោះដែលជំនួយទាំងនេះ នឹងធ្វើមានការប្រែប្រួលលើសមរភូមិប្រយុទ្ធ ហើយទីក្រុងប៊ែរឡាំងមិនគួរធ្វើឲ្យចុះខ្សោយ ឬបំផ្លាញសកម្មភាពរបស់ប្រទេសដទៃឡើយ” ។
លោក Morawiecki ក៏បាននិយាយផងដែរថា ប្រទេសប៉ូឡូញកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងបានកសាងសម្ព័ន្ធរដ្ឋអឺរ៉ុបមួយដើម្បីគាំទ្រដល់អ៊ុយក្រែន ប៉ុន្តែនៅពេលដែលអ្វីៗបានចាប់ផ្តើមប្រសើរឡើងសម្រាប់អ៊ុយក្រែន, អាល្លឺម៉ង់បានឈានជើងចូលចូលរួមសកម្មភាពទាំងនោះផងដែរ ។
គួរបញ្ជាក់ថា សម្ពាធបាននិងកំពុងកើនឡើងលើប្រទេសអាល្លឺម៉ង់សម្រាប់ការផ្តល់រថក្រោះប្រយុទ្ធ Leopard 2 ឲ្យអ៊ុយក្រែន ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុងប៊ែរឡាំងកំពុងមានការស្ទាក់ស្ទើរសម្រាប់ការផ្ដល់ជំនួយអាវុធធុនធ្ងន់បែបនេះ ដោយលើកហេតុផលថា សហរដ្ឋអាមេរិកគួរតែបញ្ជូនរថក្រោះ Leopard 2 ឲ្យអ៊ុយក្រែនមុនទៅ ៕



ប្រភព The Guardian ប្រែសម្រួលដោយគីរីដងរែក




