នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានអះអាងនៅថ្ងៃអង្គារទី១៧ខែមករានេះថា បរាជ័យរបស់អ៊ុយក្រែន អាចនាំឲ្យមានសង្គ្រាមលោកលើកទីបី ដែលនេះមានន័យថា ប្រទេសអាល្លឺម៉ង់ និងសមាជិកណាតូផ្សេងទៀត ត្រូវតែបង្កើន និងបញ្ជូនសព្វាវុធបន្ថែមទៀតដល់ទីក្រុង កៀវ។
ថ្លែងក្នុងទីក្រុងបែរឡាំង នៅឯពិធីអបអរសាទរអាជីពរយៈពេល៥០ឆ្នាំរបស់អ្នកនយោបាយអាល្លឺម៉ង់ Wolfgang Schauble, លោក Morawiecki បានទទូចថា ប្រទេសអាល្លឺម៉ង់ ត្រូវតែអនុញ្ញាតឲ្យមានការប្រគល់រថក្រោះធុន Leopard 2 ទៅអ៊ុយក្រែន។ ប៉ូឡូញ និងហ្វាំងឡង់ បានសន្យាផ្តល់រថក្រោះទៅឲ្យទីក្រុងកៀវ ប៉ុន្តែត្រូវការការអនុញ្ញាតជាផ្លូវការពីអាល្លឺម៉ង់ ដើម្បីប្រគល់ទៅបាន។
លោក Morawiecki អះអាងថា “សព្វថ្ងៃ អ៊ុយក្រែនកំពុងប្រយុទ្ធ មិនមែនត្រឹមតែដើម្បីសេរីភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារអឺរ៉ុបផងដែរ។ ខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងប្រគល់សព្វាវុធគ្រប់ប្រភេទទៅឲ្យអ៊ុយក្រែន”។
លោកបន្ថែមថា “បរាជ័យរបស់អ៊ុយក្រែន អាចឈានឆ្ពោះទៅការផ្ទុះសង្រ្គាមលោកលើកទី៣ ដូច្នេះថ្ងៃនេះ មិនមានហេតុផលណាមួយដើម្បីរារាំងការគាំទ្រសម្រាប់ទីក្រុងកៀវ និងពន្យារពេលបញ្ហានោះទេ”។
គួរបញ្ជាក់ថា អាល្លឺម៉ង់ មានរថក្រោះ Leopard ប្រហែល ១១០ គ្រឿង ដែលអាចប្រគល់ទៅឲ្យអ៊ុយក្រែន ប៉ុន្តែការរៀបចំឲ្យរថក្រោះទាំងនោះ ចូលបម្រើការបានល្អប្រសើរ នឹងត្រូវចំណាយប្រាក់អស់រាប់រយលានអឺរ៉ូ ហើយត្រូវចំណាយពេលប្រហែលមួយឆ្នាំ៕



ប្រភព Business-Standard ប្រែសម្រួលដោយគីរីដងរែក




