កីឡាករបាល់ទាត់ Faik Bolkiah ដែលត្រូវបានគេស្គាល់ថាជាក្មួយបង្កើតរបស់ស្ដេចព្រុយណេ Hassanal Bolkiah ពេលនេះ វ៉ាដាច់ Cristiano Ronaldo ក្លាយជាបុគ្គលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុត។
ជាមួយគ្នានេះដែរ នៅក្នុងពិភពកីឡាបាល់ទាត់ Cristiano Ronaldo ត្រូវបានគេចាត់ទុកថាជាកំពូលខ្សែប្រយុទ្ធលំដាប់ពិភពលោកដែលបានផ្លាស់ទៅក្លឹបAlNasser នៅលីគអារ៉ាប៊ីសាអូឌីត ខណៈលោកទទួលបានប្រាក់ខែ១៧៣លានផោនក្នុងមួយឆ្នាំដែលនេះ ធ្វើឲ្យលោកត្រូវបានគេសំដៅភ្លាមៗថាជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក។
ទោះយ៉ាងនេះក្ដីយោងតាមរបាយការណ៍បានចេញមកចង្អុលបង្ហាញថាត្បិតថាខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំទទួលបានប្រាក់ឈ្នួលច្រើនដល់ ម្ល៉ឹងក៏ពិតមែន។ ប៉ុន្តែលោកនៅតែស្ថិតនៅលេខ២ បន្ទាប់ពីកីឡាករម្នាក់ទៀតដែលមានទ្រព្យសម្បត្តិច្រើនជាងគាត់ដល់ទៅ១៥ ដង។ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដ៏ ល្បីមួយបានចង្អុលបង្ហាញថាកីឡាករបាល់ទាត់ ដែលមានបំផុតក្នុងលោកគឺ Faik Bolkiah ដែលជាក្មួយ ប្រុសបង្កើតរបស់ស្ដេចស៊ុលតង់ Hasnal Bolkiah ជាមួយនឹង ទ្រព្យសម្បត្តិច្រើនជាង២០ពាន់លានផោនឯណោះ ។ ប៉ុន្តែបើវាស់ភាព ជោគជ័យក្នុងអាជីព និងកេរ្តិ៍ឈ្មោះកីឡាករជម្រើសជាតិព្រុយណេវ័យ ២៤ ឆ្នាំរូបនេះ នៅតែត្រូវបានគេចាត់ទុកថាមិនខ្លាំងនោះទេ ដែល សំដៅលើការចាប់ផ្ដើមវិថីបាល់ទាត់ដែលធ្លាប់ជ្រកកោកដូចជា A.F.C. Newbury, Southampton, Chelsea, Leicester City មុន នឹងផ្លាស់ទៅលេងឲ្យ ក្រុម Chonburi FC ក្នុងលីគកំពូលថៃ។
បន្ថែមពីនេះសារព័ត៌មាន The Sun បានជីកកកាយរឿងរ៉ាវរបស់បិតារបស់ទ្រង់ និងជាព្រះអនុជស្ដេចព្រុយណេថា ព្រះអង្គ Jeffrey Bolkiah ទ្រង់បានចំណាយរហូតដល់ទៅ ៤៥ លានដុល្លារអាមេរិក ក្នុងរយៈពេលត្រឹមតែ ១ ខែដើម្បីទិញរថយន្តទំនើប នាឡិកា និងប៊ិច ហើយចំណាយប្រាក់ ១.២ លានដុល្លារ ដើម្បីរៀបចំពិធីជប់លៀង។ បច្ចុប្បន្នទ្រង់មានរថយន្តជាង ២,៣០០គ្រឿង ដែលពោរពេញទៅដោយរថយន្តទំនើបៗដូចជា Rolls-Royce, Ferrari និង Bentley រួមទាំងការទិញនាវាកម្សាន្តចំនួន២គ្រឿងទៀត ហើយរឿងមួយទៀត ដែលនៅតែនិយាយដល់សព្វថ្ងៃនេះ គឺនៅក្នុងពិធីគម្រប់ខួប៥០វស្សា ទ្រង់បានចំណាយលុយជួល ម៉ៃឃើល ជេកសុន មកច្រៀងក្នុងកម្មវិធីខួបកំណើតដល់ដល់ ១២លានដុល្លារថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ ក្មួយស្ដេចព្រុយណេអង្គនេះ មិនបានខ្វល់ពីទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ទ្រង់ទេ ហើយកីឡាករបាល់ទាត់ Faik Bolkiah ធ្លាប់មានបន្ទូលថា “ខ្ញុំគ្រាន់តែចង់ដើរតាមសុបិន ចង់ក្លាយជាកីឡាករបាល់ទាត់អាជីព។ ខ្ញុំ លេង បាល់ តាំងពី ក្នុងវ័យកុមារភាពខ្ញុំ តែងតែរីករាយ នឹងការចេញទៅលើស្មៅជាមួយ នឹងបាល់នៅជើងរបស់ខ្ញុំ។ ឪពុកម្តាយរបស់ខ្ញុំគាំទ្រ និងជំរុញឲ្យសុបិនរបស់ខ្ញុំក្លាយជាការពិត។ ដើម្បីឲ្យខ្ញុំក្លាយជាកីឡាករបាល់ទាត់អាជីព ហើយ ខ្ញុំ បាន ជោគជ័យពេលនេះ”៕


ប្រភព Dailystar.co.uk ប្រែសម្រួលដោយគីរីដងរែក




