លោក Matt Gaetz សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានតែងតាំងអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ជាផ្លូវការឲ្យដឹកនាំសភាតំណាងរាស្រ្ត ខណៈដែលសមាជិកទាំងនោះបានបរាជ័យក្នុងការជ្រើសរើសប្រធានសភាជាលើកទី ១១ ជាប់ៗគ្នា ។
លោក Gaetz បានសរសេរនៅលើបណ្ដាញ Twitter បន្ទាប់ពីបានតែងតាំងអតីតប្រធានាធិបតីអាមេរិកទី ៤៥ ក្នុងអំឡុងពេលបោះឆ្នោតសភាថា “ខ្ញុំបោះឆ្នោតជូនលោក Donald Trump ជាប្រធានសភា ។ នេះជាការផ្លាស់ប្ដូរមួយ ពីព្រោះរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកមិនបានបញ្ជាក់ថា ប្រធានសភាត្រូវតែមានកៅអីក្នុងសភានោះទេ ដោយសារកន្លងមកមានតែសមាជិកដែលអង្គុយក្នុងសភាប៉ុណ្ណោះដែលត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានសភា” ។
គណបក្សសាធារណរដ្ឋដែលបានកាន់កាប់សភាឡើងវិញ អំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងខែវិច្ឆិកា បាននឹងកំពុងព្យាយាមរកអ្នកជំនួសតំណែងលោកស្រី Nancy Pelosi មកពីបក្សប្រជាធិបតេយ្យ ជាប្រធានសភា ដោយសារតែសមាជិកសភាមកពីគណបក្សសាធារណរដ្ឋចំនួន ២០ បានបដិសេធមិនគាំទ្រលោក Kevin McCarthy សម្រាប់តំណែងនេះ ដោយបោះឆ្នោតឲ្យបេក្ខជនផ្សេងទៀតជំនួសវិញ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Trump ខ្លួនគាត់ផ្ទាល់ក៏បានគាំទ្របេក្ខភាពប្រធានសភារបស់លោក McCarthy ផងដែរ ដោយជំរុញឲ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបោះឆ្នោតឲ្យលោក McCarthy ធ្វើជាប្រធានសភា ដើម្បីបិទបញ្ចប់បញ្ហាដែលមិនធ្លាប់កើតមានក្នុងរយៈពេល ១៦០ ឆ្នាំក៏ដូចជាកុំឲ្យមានភាពអាម៉ាស់ក្នុងគណបក្សផងដែរ ។
គួរបញ្ជាក់ថាដើម្បីក្លាយជាប្រធានសភាបេក្ខជនម្នាក់ ត្រូវទទួលបានសំឡេងឆ្នោតច្រើនជាងពាក់កណ្តាលនៃអ្នកតំណាងចំនួន ៤៣៥ របស់សភា ៕
ប្រភព Forbes ប្រែសម្រួលដោយគីរីដងរែក




